ល្បាក់​កំរោញ​ ខេត្តពោធិ៍សាត់

ស្លាករមណីយដ្ឋាន​លើ​ផ្លូវជាតិ​លេខ ៥៥
ល្បាក់​កំរោញ​ជា​តំបន់​ទេស​ចរណ៍​ធម្មជាតិដ៏​ល្បី​មួយ មាន​ទេស​ភាព​ស្រស់ស្អាត​ពេញ​មួយ​ឆ្នាំរមណីយ​ដ្ឋាន​ល្បាក់​កំរោញ​ស្ថិត​នៅ​ខាងលិច​​ទី​រួម​ខេត្ត​ពោធិ៍សាត់ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥៥ ក្នុង​ភូមិអង្ក្រង ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ​ ខេត្ត​ពោធិ៍សាត់ ដែល​មាន​ចំងាយ​ប្រមាណ​ ៥៣​គីឡូម៉ែត្រ ​ពីក្រុងពោធិ៍សាត់​ និង​ ២៣គីឡូម៉ែត្រ​ ពី​សាលាស្រុក​ភ្នំ​ក្រវាញ ។
  
ផ្លូវជាតិលេខ៥៥ដែលកំពុងពង្រីកនិងក្រាលកៅស៊ូ
យើងអាច​ធ្វើ​ដំណើរ​ដោយ​រថ​យន្ត​ ត្រូវ​ប្រើ​រយៈ​ពេល​ប្រហែល​ ១​ម៉ោង តែ​បើជិះ​ម៉ូតូ​វិញ​ត្រូវ​ចំណាយ​ពេល​រហូត​ដល់​ទៅ​១​ម៉ោង​កន្លះ ដោយ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៥៥ ពី​ក្រុង​ពោធិ៍សាត់ ទៅ​ស្រុក​វាលវែង រហូត​ដល់​ភូមិ​អង្គ្រង នឹង​មាន​ស្លាក​មួយ​នៅ​ខាង​ឆ្វេង​ដៃ​ថា រមណីយ​ដ្ឋាន​ល្បាក់​កំរោញ ដោយ​បត់​ចុះ​ទៅ​ក្រោម​ចំងាយ​ ២៥០​ម៉ែត្រ យើង​នឹង​ដល់​ល្បាក់​កំរោញ​ ។

កន្លែងចត​ឡាន
បន្ទប់​ផ្លាស់សម្លៀកបំពាក់ដែលខូចខាត
ទៅ​ដល់ល្បាក់​កំរោញ​ យើង​នឹង​ឃើញ​មាន​កន្លែង​ចត​ឡាន និង​ម្លប់​ដើមឈើ​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទៅទស្សនា​​ ​ពិសារ​អាហារ​ និង​ងូត​ទឹក​លេង​កម្សាន្ត ។ នៅ​ទី​នោះ​ក៏មាន​កន្លែង​ផ្លាស់​សម្លៀក​បំពាក់​ផងដែរ ។ ចុះ​តាម​កាំ​ជណ្តើរ​តែ​បន្តិច​យើង​នឹង​ដល់​ទឹក​ល្បាក់​ដែល​ហូរ​ស្ទើរ​ខួប​ប្រាំង​ខួប​វស្សា ។ 

ស្លាកបង្ហាញផ្លូវ
ជណ្តើរចុះ
ជណ្តើរចុះ
រមណីយដ្ឋាន​ល្បាក់​កំរោញ​លម្អ​ទៅ​ដោយ​ល្បាក់​ទឹក​ហូរ​ធ្លាក់​លើ​ថ្ម​ផុស​ចេញ​ពី​ផ្ទៃ​បាត​ស្ទឹង​នា​រដូវ​ប្រាំង​ រីឯ​រដូវ​វស្សា​ ថ្ម​ទាំង​នេះ​ត្រូវ​កប់​លិច​បាត់​ទៅ​ក្នុង​ទឹក​វិញ ។ ទឹក​នៅ​ល្បាក់​កំរោញ​ថ្លា​អាច​​ឆ្លុះ​ឃើញ​បាតស្ទឹង ។





ទឹក​ស្ទឹង​នេះ​បាន​ហូរ​ធ្លាក់ជាដំណាក់​ៗ ខួប​ប្រាំង​ ខួប​វស្សា បង្កើត​បាន​ជាល្បាក់ទឹក សម្រាប់​ភ្ញៀវ​ទេស​ចរ​ងូត​កម្សាន្ត និង​មាន​ផ្ទាំង​ថ្ម​តូច​ធំ​ នៅ​រាយ​ប៉ាយ​តាម​មាត់​ស្ទឹង អម​ដោយ​សូរ​សៀង​សត្វ​បក្សា​បក្សី និង​សម្លេង​រៃ​នៅ​លើ​ចុង​ព្រៃ​ព្រឹក្សា​ ។

ទេសភាពដើមឈើអបមាត់ល្បាក់

ទិដ្ឋភាព​ថ្ងៃរៀបលិចនៅល្បាក់កំរោញ
តាម​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ភ្នំ​ក្រវាញ បាន​និយាយថា នៅ​តំ​បន់​ទេសចរណ៍​ល្បាក់​កំរោញ​នេះ​ កាល​ពី​ដើម​មានផ្ទាំង​ថ្ម​មួយ​ធំ​ បង្កើត​បានជា​ល្បាក់​ទឹក​ហូរ​ធ្លាក់​យ៉ាង​ខ្លាំងបណ្តាល​ឱ្យ​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សូម្បី​តែ​ហ្វូង​មច្ឆជាតិ​គ្រប់​ប្រភេទ ក៏​កម្រ​នឹង​ហែល​ឆ្លង​ផុត​ពីល្បាក់​ទឹក​នេះណាស់ ។ កាល​ពី​ដើម​អ្នក​ស្រុក​ អ្នក​ភូមិ​នៅទីនេះ នាំគ្នា​ហៅ​ថា ល្បាក់​កម្រ​ទៅរួច ។ ដោយ​សារ​តែ​យ៉ាង​នេះ​ហើយ​ ទើ​បគេ​យក​កន្លែង​នេះ​ធ្វើ​ជា​ចំណត់​រង់​ចាំ​អ្នក​ឡើង​ពី​ក្រោម និង​អ្នក​ចុះ​ពីលើ​ដើម្បី​លក់​ឥវ៉ាន់ ឬ​ដោះ​ដូរ​ឥវ៉ាន់​គ្នា​ទៅវិញទៅ​មក ។ ការ​ផ្តោះ​ប្តូរ​ឥវ៉ាន់​រវាង​គ្នា​និង​គ្នា គឺ​ប្រើ​ប្រាស់​ទូក​ចង​ជាមួយ​ខ្សែ​មួយ​ដែល​ចង​នៅ​ពី​លើសម្រាប់​ទាញ ។ បច្ចុប្បន្ន​នេះ​ទូក​នោះ​នៅតែ​មាន​នៅ​មាត់​ទឹក ។ 

កន្លែង​នេះ​គឺ​ជា​កំពង់​មួយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​កំណត់ជា​កន្លែង​ណាត់ជួប​គ្នា​ដើម្បី​លក់​ដូរ​ឥវ៉ាន់ ។ ក្នុង​សម័យ​កាល​នោះ​ នៅ​ល្បាក់​កំរោញ​សម្បូរ​មច្ឆា​ណាស់ អ្នក​ស្រុក​នៅ​ម្តុំ​នេះ​តែង​ទៅចាប់​ត្រី​ដើម្បី​យក​មក​ធ្វើ​ជា ប្រហុក​​ ផ្អក​ ងៀត ឆ្អើរ​សម្រាប់​លក់​ដូរ​នៅទីនេះ​ផង និង​ទុក​សម្រាប់​ហូប​ចុក​ក្នុង​រដូវ​វស្សាផង ។ ក្រៅ​ពីមុខ​របរ​ចាប់​ត្រី​ អ្នក​ខ្លះ​បាន​ប្រកប​របរ​កាប់​ឈើ បោចវល្លិ បេះជ័រ​ដង​ បរបាញ់​សត្វ​ទៅ​តាម​លក្ខណៈបុរាណ ។ ពាក្យ​ថា ល្បាក់​កម្រ​ទៅរួច​ នេះ​ក្រោយ​មក​ក៏​ក្លាយជា ល្បាក់​កំរោញ​ រហូត​មក​ដល់​សព្វថ្ងៃនេះ ។ ក្រោយ​ពី​បាន​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញនេះ មន្ទីរទេសចរណ៍ខេត្ត និង​អាជ្ញាធរឃុំសំរោង ស្រុក​ភ្នំ​ក្រវាញ ក៏បាន​ផ្តួច​ផ្តើម​កសាង រមណីយដ្ឋាន​នេះឡើងកាលពីថ្ងៃទី ២១ កុម្ភៈ ២០០២ ដោយ​ដាក់​ឈ្មោះ​ថា រមណីយដ្ឋាន​ល្បាក់​កំរោញ ។
Previous
Next Post »
0 Komentar