Showing posts with label ខេត្តកំពង់ចាម. Show all posts
Showing posts with label ខេត្តកំពង់ចាម. Show all posts

វត្ត​គុហា​គង្គា ហៅ​វត្ត​ព្រះអង្គ​គុហ៍ - ខេត្ត​កំពង់ចាម


វត្ត​គុហាគង្គា​ រឺ​អ្នក​ស្រុក​និយម​ហៅ​ព្រះអង្គ​គុហ៍ ជា​វត្ត​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​សង្កែលិច ឃុំ​ពាម​កោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ព្រះអង្គ​គុហ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១១គ.ម ពីសាលាស្រុកស្ទឹងត្រង់ និងចម្ងាយប្រមាណ ៤៣គ.ម ពីសាលាខេត្តកំពង់ចាម ។ 

វត្ត​គុហាគង្គា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មិន​ទាន់​មាន​ផ្លូវ​ស្អាត​ទៅ​ដល់​វត្ត​ឡើយ តែ​ក្រោយ​ពី​គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ​២ជាន់​ប្រភេទ DBST ប្រវែង៣៧០០ម៉ែត្រ របស់​រាជរដ្ឋាភិបាល អនុវត្ត​គម្រោង​ដោយ​នាយកដ្ឋាន​ផ្លូវ​លំជនបទ កាលពីឆ្នាំ២០១៨ ឥលូវ​ផ្លូវ​ទៅ​កាន់​វត្ត​គុហាគង្គា​ មាន​លក្ខណៈងាយស្រួល ដែលអាច​នាំ​អារម្មណ៍​អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត​ដល់​ទីតាំង​វត្ត​ និង​ល្អាងតែម្តង ។ 

ដើម្បី​ទៅ​កាន់​វត្ត​ព្រះអង្គគុហ៍ យើង​ចេញ​ដំណើរ​ពី​សាលាខេត្ត​កំពង់ចាម​ តាមផ្លូវ​២២២ តាម​បណ្តោយ​មាត់​ទន្លេឡើងទៅជើង ទៅកាន់​ទីរួមស្រុកស្ទឹងត្រង់ និង​បន្តដំណើរ​ទៅបឹងកេត នឹងឃើញក្លោងទ្វារ​វត្ត​ ។ 
យើង​អាចធ្វើ​ដំណើរ​ពី​ខាង​លើ​ចុះ​ទៅ​កាន់​ល្អាងព្រះអង្គ​គុហ៍​តាម​កាំជណ្តើរ​ក៏បាន រឺ​យើង​អាច​បើក​បរ​ឡាន​​ដល់​បរិវេណ​វត្ត​នៅ​ខាង​ក្រោម រឺ​បើក​ម៉ូតូ​ឡើង​ដល់​ទីតាំង​ល្អាងក៏បាន ។ ទីធ្លា​វត្ត​ធំ​ទូលាយ​មាន​ការ​ចាក់​បេតុងយ៉ាងស្អាត មាន​ជាសាលា​ឆទាន រូប​សំណាក ព្រះវិហារ​ស្អាត រូប​ផ្លែឈើ រូប​ឆ្នាំ​ទាំង​១២នៅជុំ​វិញ​វិហារ និង​រោងអង្គុយ​លេង ។ នៅ​ទី​នោះ ក៏មាន​អ្នក​ស្រុក​លក់​ចំណីអាហារ​ផងដែរ តែមាន​មិន​ច្រើនទេ ។ 
អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះអង្គ​គុហ៍​ ភាគ​ច្រើន​ជា​អ្នក​ស្រុក​ដែល​នៅជុំវិញ​តំបន់​នោះ ទៅ​កម្សាន្ត និង​បន់​ស្រន់ ដោយ​មានជំនឿ​ថា​នៅ​ទី​នោះ គឺ​សក្តិសិទ្ធ ។ ប្រជាពលរដ្ឋទៅកម្សាន្តច្រើនកុះករ នៅ​ថ្ងៃបុណ្យទាន និង​ថ្ងៃចុងសប្តាហ៍ ។ យើង​អាច​ធ្វើ​ដំណើរ​ឡើង​តាម​សៀរ​ល្អាង​ឡើង​ទៅ​លើ​ដើម្បី​លេង​ក្នុង​ចំការ​ និង​ថតរូប​ទៅ​កាន់​ស្ពាន​ស្ទឹងត្រង់​ ក្រូចឆ្មារ ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ ។ 

ប្រវត្តិ​វត្ត​គុហាគង្គា
តាម​ការនិយាយ​ដំណាល​តគ្នា គឺ​កាល​ពី​៨១ឆ្នាំមុន ប្រមាណក្នុង​ឆ្នាំ ១៩៣៩ ជា​ព្រះ​ពុទ្ធ​រូប​ផ្ទុំ​សង់​អំពី​ឈើ បាន​អណ្តែត​ក្នុង​ទឹក​ទន្លេ​មេគង្គ ហើយ​ក៏ត្រូវ​បាន​អ្នក​នេសាទ​ស្រង់​ចេញ​ពីទឹក មក​ប្រគេន​ ព្រះចៅអធិការ​វត្ត​នេះ ដែល​ដើម​ឡើយ​ឈ្មោះ វត្ត​ដើម​ជ្រៃ ។ ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​ រូប​ព្រះអង្គ​នេះ បាន​ពុក​ផុយ​ ហើយ​ចៅអធិការ​វត្ត​ក៏សម្រេច​កសាង​ព្រះ​ពុទ្ធ​រូប ដដែល​នេះជាថ្ម​ឡើង​វិញ ដោយ​បាន​តម្កល់​ទុក​ក្នុង​ល្អាងមក​ទល់​សព្វថ្ងៃ និង​ដាក់​ឈ្មោះថា វត្ត​គុហាគង្គា ហៅវ​ត្ត​ព្រះអង្គ​គុហ៍ ។ 
មើលរូបជាច្រើនទៀត ចុចទីនេះ

ទេសចរណ៍ស្រុកខ្មែរ សូម​អញ្ជើញ​បងប្អូន​អ្នកទេសចរណ៍ អ្នក​មាន​ជំនឿលើ​ការ​បន់ស្រន់ កុំភ្លេចធ្វើ​ដំណើរ​ទៅកម្សាន្ត និង​បន់ស្រន់​នៅ​រមណីយដ្ឋាន​វត្ត​គុហាគង្គា រឺ​វត្ត​ព្រះអង្គ​គុហ៍ ដើម្បី​អភិវឌ្ឍ​វិស័យទេសចរណ៍​ក្នុង​ស្រុក​យើង ។ 
វត្តគុហាគង្គា នៅលើផែនទី 

ស្មៅទន្លេ ខេត្តកំពង់ចាម​

អាហារដ្ឋានស្មៅទន្លេ
អាហារដ្ឋានស្មៅទន្លេ

អាហារដ្ឋាន​ស្មៅ​ទន្លេ ជា​អាហារដ្ឋាន​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិ​ទី២ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម មាន​ជា​កន្លែង​បរិភោគអាហារ និង​កន្លែងថតរូប​ច្រើន​បែប​បទ ។ 

អាហារដ្ឋាន​ស្មៅ​ទន្លេ មាន​ចម្ងាយ​ប្រមាណ ២.៥គ.ម ពី​សាលា​ខេត្តកំពង់ចាម និង​ចម្ងាយ​ប្រមាណ ១២៤គ.ម ពីសាលា​រាជធានីភ្នំពេញ ។ ពីរាជ​ធានី​ភ្នំពេញ លោក​អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា រហូត​ដល់​រង្វង់​មូល​ថ្នល់​​បែក រួ​ចបន្ត​ដំណើរ​តាម​ផ្លូវ​ជាតិលេខ​៦​ដល់​រង្វង់​មូល​ស្គន់ និង​បន្ត​ដំណើរ​រហូត​ដល់​ក្រុង​កំពង់ចាម ។ ពេល​ដល់​រង្វង់មូល​គល់​ស្ពាន​គីហ្សូណា យើង​ធ្វើ​ដំណើរតាម​ផ្លូវ​មាត់​ទន្លេ ទៅទិស​ខាងត្បូង​ ជិត​ដល់​ស្ពាន​ប្ញស្សី​ឆ្លង​ទៅ​កោះប៉ែន យើង​នឹង​ឃើញ​អាហារដ្ឋាន​ស្មៅទន្លេ នៅខាងឆ្វេងដៃ ។ តាម​ផ្លូវ​មាត់​ទន្លេ យើង​អាច​ឃើញ​សួនច្បារ​ ស្ពាន​គីហ្សូណា​ ស្ពាន​ប្ញស្សី និង​ប្រជាជន​ក្នុង​ក្រុង​កំពង់ចាម ។ 

ការ​ចូល​ញ៉ាំម្ហូប​អាហារនៅអាហារដ្ឋាន​ស្មៅទន្លេ មិន​តម្រូវអោយ​បង់​ប្រាក់ថ្លៃ​ចូលទេ គឺ​គិត​តែថ្លៃម្ហូប​អាហារ​ហូប​តែប៉ុណ្ណោះ តែសម្រាប់​ការ​ចូល​ថត​រូប​លេង​កម្សាន្ត តម្រូវ​អោយ​បង់​ប្រាក់​ក្នុង​ម្នាក់ ៣,០០០រៀល ។ ចំណែក​ឯការ​ផ្ញើម៉ូតូ​មិន​អស់ថ្លៃទេ ។ 

ចំពោះម្ហូបអាហារ​មាន​ច្រើន​មុខ​តាម​ការកម្មង់​របស់​លោក​អ្នក ហើយ​តម្លៃ​ក៏សមរម្យ​ អាចទទួល​យក​បាន ។ សម្រាប់បងប្អូន​ដែល​មាន​គ្នា​ច្រើន អាច​ធ្វើ​ការ​ទាក់ទង ដើម្បី​កក់​កន្លែង​មុន​ ។ កន្លែង​អង្គុយ​មាន​ផាសុកភាព និង​មាន​ច្រើន​សណ្ឋាន ទាំង​កន្លែង​អង្គុយផ្ទាល់ អង្គុយ​កៅអី ។ 

ក្រឡេក​ទៅ​ទេសភាព និង​កន្លែង​ថតរូប​ ដែល​ទាក់​ទាញ​បងប្អូន​មិនថាទីជិត​ ទីឆ្ងាយ​មក​ទស្សនា​មិន​ដែល​ដាច់​នោះ ក៏​សម្បូរបែប​ដែរ ។ លោក​អ្នក​អាច​មើល​រូប​ផ្សេងៗ ដោយ ចុចទីនេះ ក្រៅ​ពី​រូប​ទាំង​នេះ យើង​អាច​មើល​ឃើញ​ទូក​នេសាទ ស្ពាន​ប្ញស្សី​ឆ្លង​ទៅ​កោះប៉ែន​ ឆ្នេរ​ខ្សាច់​កោះប៉ែន ថែម​ទៀត ។

ឥលូវ​នេះ មាន​គូស្វាមីភរិយាថ្មី​ជាច្រើន​គូ​ទៅថត​ Pre-Wedding ជា​មួយ​ទេសភាព​ទាំង​នោះ ។ 

អាហារ​ដ្ឋាន​ស្មៅ​ទន្លេ​ពីមុន​គ្រាន់​តែ​ជាកន្លែង​ទទួល​ទាន​អាហារ​ជាមួយ​ការរៀប​ចំ​បែប​កម្សាន្ត​ជាមួយ​ធម្មជាតិ​មាត់​ទន្លេប៉ុណ្ណោះ ក្រោយ​ប៉ុន្មាន​ឆ្នាំ​មក​ម្ចាស់​អាហារដ្ឋាន​បាន​អភិវឌ្ឍន៍​អោយ​កាន់​តែស្រស់​ស្អាត មាន​កន្លែង​ថតរូប​ជាច្រើន ។

សម្រាប់លេខ​ទាក់ទង​ទៅកាន់អាហារដ្ឋាន​ស្មៅទន្លេ : 012 21 35 12 / 011 92 25 22 ។ អាហារដ្ឋាន​ចាប់​បើក​លក់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​១០យប់ ។

ទំនប់ទឹក​ខ្នាច​ ខេត្តកំពង់ចាម​

ទំនប់ទឹកខ្នាច
ទំនប់ទឹកខ្នាច

បឹង​ខ្នាច​ជាបឹង​មួយ​ដ៏ធំ​ស្ថិត​នៅ​មុខ​វត្ត​ពោធិមង្គល ក្នុង​ភូមិ​វត្ត​ ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម​ មាន​ចម្ងាយ​ប្រមាណ ១០គ.ម ពី​សាលា​ស្រុក​ស្ទឹងត្រង់ ដោយ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ​២២២ តាម​មាត់​ទន្លេ​ មកដល់​ឃុំ​ព្រែក​បាក់ បត់​ស្តាំ​តាម​ខ្លោង​ទ្វារ​វត្ត​ពោធិ​មង្គលចូល​ប្រមាណ​៧.២ គ.មទៀត ។ 

ចំងាយពីសាលាស្រុកស្ទឹងត្រង់ ទៅបឹងខ្នាច

នៅ​ក្នុង​បឹង​មាន​កន្លែង​ខ្លះ មាន​ដាំឈូក ។ នៅ​ជុំ​វិញ​បឹង​មាន​ផ្លូវ​លំ សម្រាប់​ធ្វើ​ដំណើរ ។ នា​រដូវ​វស្សា​ ទឹក​ជន់ជោរ​ខ្លាំង​ធ្វើ​អោយ​លិច​ផ្ទៃ​បឹង​ទាំង​អស់ ចំណែក​ឯ​រដូវ​ប្រាំង​ទឹក​ស្រក អាជ្ញាធរ​ឃុំ​បិទ​ទ្វារ​ទំនប់​ ដើម្បី​រក្សា​ទឹក​ទុក​ប្រើ​ប្រាស់​ស្រោច​ស្រព​ដំណាំ​ បន្លែ​បង្កា ។ ទឹក​ក្នុង​បឹង​នេះ​មិន​ទាន់មាន​រៀប​ចំ​សម្រាប់​យើង​លេង​បាន​នៅ​ឡើយ​ទេ ។ 

ទំនប់ទឹកខ្នាចក្នុងផែនទី

មើល​រូប​ជាច្រើន​ ចុចទីនេះ

សូម​ទស្សនា​វីដេអូ​

ស្ពានទួលរកា ហៅ​ស្ពានព្រែកអាចារ្យសួន ខេត្ត​កំពង់ចាម

ស្ពានទួលរកា
ស្ពានទួលរកា ក្រោយ​បាត់សសរទ្រ១ដើម (មើលពីលើ)

ស្ពានទួល​រកា រឺ​ស្ពាន​ឆ្លង​ព្រែក​អាចារ្យ​សួន ជាស្ពាន​ស្ថិត​ក្នុង​ភូមិ​ទួល​រកា ឃុំ​ពាម​កោះស្នា ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម ។ ស្ពាន​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៩៣ ជា​ប្រភេទដែកបាឡេ  ។ 

ទឹក​ឆា ខេត្ត​កំពង់​ចាម

រូបភាព Google

​ទឹក​ឆា ជា​រមណីយ​ដ្ឋាន​បែប​ទំនប់​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្ម​ដា ឃុំ​បឹងណាយ និង​ភូមិ​ថ្មី ឃុំ​ក្រូច​ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម មាន​ចំងាយ​ ៤២គ.ម ពី​ក្រុង​កំពង់​ចាម ចូល​ពី​ផ្លូវ​ជាតិ​លេខ៧ ១៣គ.ម ត្រង់​ភូមិក្រូច​ត្រូវ​បែក​ចេញ​ពី​ផ្លូវ​​បត់​ទៅ​ស្តាំ​តាម​ផ្លូវ​សសៀរ​បណ្តោយ​ប្រឡាយ​ទឹក​ ៥គ.ម ទើប​ទៅ​ដល់​ទឹក​ឆា​ ។ 

នៅ​ក្បែរ​ប្រាសាទ មាន​ជ្រោះ​ប្រឡាយ​ទឹក​តាំង​ពី​បុរាណ​មក មាន​ទឹក​ហូរ​ ខួប​ប្រាំង​ខួប​វស្សា គឺ​នៅ​រដូវ​វស្សា​ពេញ​ប្រៀប​ដោយទឹក​ ឯនៅ​រដូវ​ប្រាំង​វិញ​នៅ​សល់​ទឹក​ត្រឹម​ក្បាល​ជង្គង់ ឬលើ​ក្បាល​ជង្គង់​បន្តិច ។ ទឹក​នៅ​ប្រឡាយ​នេះ​ថ្លា​ឆ្វេង​ហើយ ហូរ​មិន​ចេះ​ឈប់ ជាហេតុ​នាំឱ្យ​អ្នក​ទេសចរណ៍​អាច​ហែល​ទឹក​យ៉ាង​សប្បាយ​រីករាយ ។ នៅ​សង​ខាង​ប្រឡាយ​ទឹក​ មាន​រុក្ខជាតិ​ដុះ​រកេត​រកូត តែ​សព្វថ្ងៃ​នេះ គេកាប់​រំលំឱ្យ បាន​ជា​វាល​រាប​មួយ​កន្លែង​យ៉ាង​ធំ ត្រូវ​ផ្លូវ​ទឹក​បែក​ចេញ ជា​ឆ្នេរ​ធំ​ល្ហ​ល្ហាច គឺ​ចំ​ត្រង់​តួ​ប្រាសាទ​ថ្ម ។ 

ប្រជាជនកំពុងងូតទឹកលេងកម្សាន្តតាមប្រឡាយទឹកនៅទឹកឆា
អា​ស្រ័យ​ដោយ​ទី​កន្លែង​ត្រជាក​់​ត្រជុំ​ មាន​ធារ​ទឹក​ និង​ម្លប់​ត្រឈឹង​ត្រឈៃ​ ដុះ​ព័ទ្ធ​ប្រាសាទ​បុរាណ ដូច្នេះ​ហើយ​បាន​ជា​ទេសចរណ៍​នាំ​គ្នា​ទៅ​កម្សាន្ត​ទស្សនា​ក្នុង​ពេល​សម្រាក​ម្តង​ម្កាល នាំឱ្យ​លេចលឺ​ឈ្មោះ​ល្បី​ខ្ចរ​ខ្ចាយ ។ ធារទឹក​ឆា ជា​អាង​ទឹក​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់​ មាន​ទំហំ ៣គ.មក្រឡា ដែល​មាន​ប្រភព​ជិត ១០កន្លែង​នៃ​តំបន់​ភ្នំ និង​ខ្ពង់​រាបខាង​កើត​ឈៀង​ខាង​ជើង នៃ​តំបន់​នេះ ដែល​គេហៅ​ថា​ ក្បាល​ទឹក ។ នៅជុំ​វិញ​ទឹក​ឆា មាន​ព្រែក​ធំៗជាច្រើន​ដូចជា ព្រែក​កំពង់​សា ជាដើម ។ អាង​ស្តុក​ទឹក​នេះ មានជម្រៅ​ជា​មធ្យម​ប្រមាណ​ជាង ២ម ដែល​គេ​អាច​បង្ហូរ​ទឹក​តាម​ច្រក​បី ដែល​តាម​ទ្វារ​ទឹក​អាច​បិទ​បើក​បាន ។

នៅ​ក្បែរ​ៗ​នោះ មាន​បន្សល់​នូវ​សំណល់​ប្រាសាទ​បុរាណ​ជាច្រើន ដូចជា ប្រាសាទ​បោស​ព្រះនន់ (ប្រាសាទ​គុក​ធំ ឬប្រាសាទ​ស្រី) និង​ប្រាសាទ​គុកតូច (ប្រាសាទប្រុស) ។

ជារៀង​រាល់​ថ្ងៃ​គឺ​មាន​ភ្ញៀវ​ទេសចរណ៍​រាប់​រយនាក់​ទៅ​ងូតទឹក​លេង និង​សម្រាក​កម្សាន្ត ។ ជាពិសេស ប្រជាជន​និយម​ទៅ​លេង​តំបន់​ព្រះធាតុ​ទឹក​ឆា នៅ​ឱកាស​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ បុណ្យភ្ជុំបិណ្ឌ ​បុណ្យប្រពៃណី​ផ្សេងៗ និង​ថ្ងៃ​ចុង​សប្តាហ៍ ។