Showing posts with label វត្ត. Show all posts
Showing posts with label វត្ត. Show all posts

វត្ត​គុហា​គង្គា ហៅ​វត្ត​ព្រះអង្គ​គុហ៍ - ខេត្ត​កំពង់ចាម


វត្ត​គុហាគង្គា​ រឺ​អ្នក​ស្រុក​និយម​ហៅ​ព្រះអង្គ​គុហ៍ ជា​វត្ត​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​សង្កែលិច ឃុំ​ពាម​កោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ព្រះអង្គ​គុហ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១១គ.ម ពីសាលាស្រុកស្ទឹងត្រង់ និងចម្ងាយប្រមាណ ៤៣គ.ម ពីសាលាខេត្តកំពង់ចាម ។ 

វត្ត​គុហាគង្គា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មិន​ទាន់​មាន​ផ្លូវ​ស្អាត​ទៅ​ដល់​វត្ត​ឡើយ តែ​ក្រោយ​ពី​គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ​២ជាន់​ប្រភេទ DBST ប្រវែង៣៧០០ម៉ែត្រ របស់​រាជរដ្ឋាភិបាល អនុវត្ត​គម្រោង​ដោយ​នាយកដ្ឋាន​ផ្លូវ​លំជនបទ កាលពីឆ្នាំ២០១៨ ឥលូវ​ផ្លូវ​ទៅ​កាន់​វត្ត​គុហាគង្គា​ មាន​លក្ខណៈងាយស្រួល ដែលអាច​នាំ​អារម្មណ៍​អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត​ដល់​ទីតាំង​វត្ត​ និង​ល្អាងតែម្តង ។ 

ដើម្បី​ទៅ​កាន់​វត្ត​ព្រះអង្គគុហ៍ យើង​ចេញ​ដំណើរ​ពី​សាលាខេត្ត​កំពង់ចាម​ តាមផ្លូវ​២២២ តាម​បណ្តោយ​មាត់​ទន្លេឡើងទៅជើង ទៅកាន់​ទីរួមស្រុកស្ទឹងត្រង់ និង​បន្តដំណើរ​ទៅបឹងកេត នឹងឃើញក្លោងទ្វារ​វត្ត​ ។ 
យើង​អាចធ្វើ​ដំណើរ​ពី​ខាង​លើ​ចុះ​ទៅ​កាន់​ល្អាងព្រះអង្គ​គុហ៍​តាម​កាំជណ្តើរ​ក៏បាន រឺ​យើង​អាច​បើក​បរ​ឡាន​​ដល់​បរិវេណ​វត្ត​នៅ​ខាង​ក្រោម រឺ​បើក​ម៉ូតូ​ឡើង​ដល់​ទីតាំង​ល្អាងក៏បាន ។ ទីធ្លា​វត្ត​ធំ​ទូលាយ​មាន​ការ​ចាក់​បេតុងយ៉ាងស្អាត មាន​ជាសាលា​ឆទាន រូប​សំណាក ព្រះវិហារ​ស្អាត រូប​ផ្លែឈើ រូប​ឆ្នាំ​ទាំង​១២នៅជុំ​វិញ​វិហារ និង​រោងអង្គុយ​លេង ។ នៅ​ទី​នោះ ក៏មាន​អ្នក​ស្រុក​លក់​ចំណីអាហារ​ផងដែរ តែមាន​មិន​ច្រើនទេ ។ 
អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះអង្គ​គុហ៍​ ភាគ​ច្រើន​ជា​អ្នក​ស្រុក​ដែល​នៅជុំវិញ​តំបន់​នោះ ទៅ​កម្សាន្ត និង​បន់​ស្រន់ ដោយ​មានជំនឿ​ថា​នៅ​ទី​នោះ គឺ​សក្តិសិទ្ធ ។ ប្រជាពលរដ្ឋទៅកម្សាន្តច្រើនកុះករ នៅ​ថ្ងៃបុណ្យទាន និង​ថ្ងៃចុងសប្តាហ៍ ។ យើង​អាច​ធ្វើ​ដំណើរ​ឡើង​តាម​សៀរ​ល្អាង​ឡើង​ទៅ​លើ​ដើម្បី​លេង​ក្នុង​ចំការ​ និង​ថតរូប​ទៅ​កាន់​ស្ពាន​ស្ទឹងត្រង់​ ក្រូចឆ្មារ ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ ។ 

ប្រវត្តិ​វត្ត​គុហាគង្គា
តាម​ការនិយាយ​ដំណាល​តគ្នា គឺ​កាល​ពី​៨១ឆ្នាំមុន ប្រមាណក្នុង​ឆ្នាំ ១៩៣៩ ជា​ព្រះ​ពុទ្ធ​រូប​ផ្ទុំ​សង់​អំពី​ឈើ បាន​អណ្តែត​ក្នុង​ទឹក​ទន្លេ​មេគង្គ ហើយ​ក៏ត្រូវ​បាន​អ្នក​នេសាទ​ស្រង់​ចេញ​ពីទឹក មក​ប្រគេន​ ព្រះចៅអធិការ​វត្ត​នេះ ដែល​ដើម​ឡើយ​ឈ្មោះ វត្ត​ដើម​ជ្រៃ ។ ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​ រូប​ព្រះអង្គ​នេះ បាន​ពុក​ផុយ​ ហើយ​ចៅអធិការ​វត្ត​ក៏សម្រេច​កសាង​ព្រះ​ពុទ្ធ​រូប ដដែល​នេះជាថ្ម​ឡើង​វិញ ដោយ​បាន​តម្កល់​ទុក​ក្នុង​ល្អាងមក​ទល់​សព្វថ្ងៃ និង​ដាក់​ឈ្មោះថា វត្ត​គុហាគង្គា ហៅវ​ត្ត​ព្រះអង្គ​គុហ៍ ។ 
មើលរូបជាច្រើនទៀត ចុចទីនេះ

ទេសចរណ៍ស្រុកខ្មែរ សូម​អញ្ជើញ​បងប្អូន​អ្នកទេសចរណ៍ អ្នក​មាន​ជំនឿលើ​ការ​បន់ស្រន់ កុំភ្លេចធ្វើ​ដំណើរ​ទៅកម្សាន្ត និង​បន់ស្រន់​នៅ​រមណីយដ្ឋាន​វត្ត​គុហាគង្គា រឺ​វត្ត​ព្រះអង្គ​គុហ៍ ដើម្បី​អភិវឌ្ឍ​វិស័យទេសចរណ៍​ក្នុង​ស្រុក​យើង ។ 
វត្តគុហាគង្គា នៅលើផែនទី 

វត្តធម្មវ័ន​ ហៅ​វត្ត​ភ្នំ​ក្រាំង​ដីមាស ខេត្ត​កំពង់​ឆ្នាំង


វត្ត​ធម្មវ័ន​ ហៅ​វត្ត​ភ្នំ​ក្រាំងដីមាស ជា​វត្ត​ស្ថិត​នៅ​​ចង្កេះ​ភ្នំ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់ឆ្នាំង លាត​សន្ធឹង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ក្រុង​កំពង់ឆ្នាំង​ ទៅ​ខេត្ត​ពោធិ៍សាត់ លើ​ផ្ទៃដី​ប្រមាណ​ ២៨៨ហិចតា មាន​ចម្ងាយ​ប្រមាណ២គ.ម ពីក្រុង​កំពង់ឆ្នាំង ។ 

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ ទៅ​ទស្សនា​រមណីយដ្ឋាន​នេះ​ជារៀង​រាល់​ថ្ងៃ ដោយ​ឡើង​តាមផ្លូវ​បេតុង​ទៅ​លើ​កំពូល​ភ្នំ ។ នៅ​លើ​កំពូល​ភ្នំ​ ភ្ញៀវ​ទេសចរណ៍​នឹង​បាន​ឃើញ និង​ទស្សនា​វត្តធម្មវ័ន ដែល​ជាទី​និយម​សម្រាប់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះ​ករ ។ 

ក្រៅ​ពី​វត្ត​ ភ្ញៀវ​ទេសចរណ៍​នឹង​អាច​ទស្សនា​ភ្នំនាងកង្រី វាលស្រែ​ពណ៌​បៃតង​ស្រស់ ដើម​ត្នោត ផ្ទៃទឹក​ទន្លេសាប​ ភូមិឋាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលា​ប្អៀរ ពី​លើ​កំពូល​ភ្នំ ។ បន្ថែម​ពី​នេះ ភ្ញៀវ​ទេសចរណ៍​អាច​ជិះ​កង់​កម្សាន្ត​ គយ​គន់​ទេសភាព​តាម​ដង​ភ្នំ​ក្រាំង​ដីមាស ទិញ​វត្ថុ​អនុស្សាវរីយ៍​ និង​ទស្សនា​ការផលិត​វត្ថុ​អនុស្សាវរីយ៍ផ្សេងៗ​ផលិត​ពី​ដី​ឥដ្ឋ នៅ​ភូមិ​អណ្តូង​ប្ញស្សី​ ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ ក្រៅពី​នោះ​ នៅភូមិ​ទ្រា ឃុំ​ស្រែថ្មី ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់ឆ្នាំង យើង​ក៏​អាច​ទស្សនា​ប្រជាពលរដ្ឋឡើង​ត្នោត ដើម្បី​យក​ទឹក​ត្នោត​រម្ងាស់​ធ្វើ​ជាស្ករ​ ឬ​ល្ងូ ។

ប្រវត្តិ​ឈ្មោះ​ភ្នំ​ក្រាំងដី​មាស
ពី​ដើម​អ្នក​ស្រុក​តែងតែ​យក​ដី​ឥដ្ឋ​មក​សូន​ជា ក្អម​ឆ្នាំង នៅ​ភ្នំ​នេះ ដោយ​ហេតុ​ថា​ដី​ល្បាយ​នៅទី​នេះ មាន​កម្ទេច​លោ​ហៈ​ពណ៌​មាស​ភ្លឺ​ផ្លេកៗ ពោល​គឺមាន​កម្ទេចមាស​ស្រួយ កប់​នៅ​ក្នុង​នោះ បើ​តាម​ពាក្យ​គីមី គឺ ដែក​ស៊ុល​ហ្វាត FeS2 ទើប​អ្នក​ស្រុក​ហៅ​ថា​ដីមាស​ ។

មើលរូប​ជា​ច្រើន​ ចុចទីនេះ 

សូម​ទស្សនា​វីដេអូ​នៃ​វត្ត​ធម្មវ័ន