ទឹក​ឆា ខេត្ត​កំពង់​ចាម

រូបភាព Google

​ទឹក​ឆា ជា​រមណីយ​ដ្ឋាន​បែប​ទំនប់​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ថ្ម​ដា ឃុំ​បឹងណាយ និង​ភូមិ​ថ្មី ឃុំ​ក្រូច​ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម មាន​ចំងាយ​ ៤២គ.ម ពី​ក្រុង​កំពង់​ចាម ចូល​ពី​ផ្លូវ​ជាតិ​លេខ៧ ១៣គ.ម ត្រង់​ភូមិក្រូច​ត្រូវ​បែក​ចេញ​ពី​ផ្លូវ​​បត់​ទៅ​ស្តាំ​តាម​ផ្លូវ​សសៀរ​បណ្តោយ​ប្រឡាយ​ទឹក​ ៥គ.ម ទើប​ទៅ​ដល់​ទឹក​ឆា​ ។ 

នៅ​ក្បែរ​ប្រាសាទ មាន​ជ្រោះ​ប្រឡាយ​ទឹក​តាំង​ពី​បុរាណ​មក មាន​ទឹក​ហូរ​ ខួប​ប្រាំង​ខួប​វស្សា គឺ​នៅ​រដូវ​វស្សា​ពេញ​ប្រៀប​ដោយទឹក​ ឯនៅ​រដូវ​ប្រាំង​វិញ​នៅ​សល់​ទឹក​ត្រឹម​ក្បាល​ជង្គង់ ឬលើ​ក្បាល​ជង្គង់​បន្តិច ។ ទឹក​នៅ​ប្រឡាយ​នេះ​ថ្លា​ឆ្វេង​ហើយ ហូរ​មិន​ចេះ​ឈប់ ជាហេតុ​នាំឱ្យ​អ្នក​ទេសចរណ៍​អាច​ហែល​ទឹក​យ៉ាង​សប្បាយ​រីករាយ ។ នៅ​សង​ខាង​ប្រឡាយ​ទឹក​ មាន​រុក្ខជាតិ​ដុះ​រកេត​រកូត តែ​សព្វថ្ងៃ​នេះ គេកាប់​រំលំឱ្យ បាន​ជា​វាល​រាប​មួយ​កន្លែង​យ៉ាង​ធំ ត្រូវ​ផ្លូវ​ទឹក​បែក​ចេញ ជា​ឆ្នេរ​ធំ​ល្ហ​ល្ហាច គឺ​ចំ​ត្រង់​តួ​ប្រាសាទ​ថ្ម ។ 

ប្រជាជនកំពុងងូតទឹកលេងកម្សាន្តតាមប្រឡាយទឹកនៅទឹកឆា
អា​ស្រ័យ​ដោយ​ទី​កន្លែង​ត្រជាក​់​ត្រជុំ​ មាន​ធារ​ទឹក​ និង​ម្លប់​ត្រឈឹង​ត្រឈៃ​ ដុះ​ព័ទ្ធ​ប្រាសាទ​បុរាណ ដូច្នេះ​ហើយ​បាន​ជា​ទេសចរណ៍​នាំ​គ្នា​ទៅ​កម្សាន្ត​ទស្សនា​ក្នុង​ពេល​សម្រាក​ម្តង​ម្កាល នាំឱ្យ​លេចលឺ​ឈ្មោះ​ល្បី​ខ្ចរ​ខ្ចាយ ។ ធារទឹក​ឆា ជា​អាង​ទឹក​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់​ មាន​ទំហំ ៣គ.មក្រឡា ដែល​មាន​ប្រភព​ជិត ១០កន្លែង​នៃ​តំបន់​ភ្នំ និង​ខ្ពង់​រាបខាង​កើត​ឈៀង​ខាង​ជើង នៃ​តំបន់​នេះ ដែល​គេហៅ​ថា​ ក្បាល​ទឹក ។ នៅជុំ​វិញ​ទឹក​ឆា មាន​ព្រែក​ធំៗជាច្រើន​ដូចជា ព្រែក​កំពង់​សា ជាដើម ។ អាង​ស្តុក​ទឹក​នេះ មានជម្រៅ​ជា​មធ្យម​ប្រមាណ​ជាង ២ម ដែល​គេ​អាច​បង្ហូរ​ទឹក​តាម​ច្រក​បី ដែល​តាម​ទ្វារ​ទឹក​អាច​បិទ​បើក​បាន ។

នៅ​ក្បែរ​ៗ​នោះ មាន​បន្សល់​នូវ​សំណល់​ប្រាសាទ​បុរាណ​ជាច្រើន ដូចជា ប្រាសាទ​បោស​ព្រះនន់ (ប្រាសាទ​គុក​ធំ ឬប្រាសាទ​ស្រី) និង​ប្រាសាទ​គុកតូច (ប្រាសាទប្រុស) ។

ជារៀង​រាល់​ថ្ងៃ​គឺ​មាន​ភ្ញៀវ​ទេសចរណ៍​រាប់​រយនាក់​ទៅ​ងូតទឹក​លេង និង​សម្រាក​កម្សាន្ត ។ ជាពិសេស ប្រជាជន​និយម​ទៅ​លេង​តំបន់​ព្រះធាតុ​ទឹក​ឆា នៅ​ឱកាស​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ បុណ្យភ្ជុំបិណ្ឌ ​បុណ្យប្រពៃណី​ផ្សេងៗ និង​ថ្ងៃ​ចុង​សប្តាហ៍ ។
Previous
Next Post »
0 Komentar