ខេត្តពោធិ៍សាត់


ខេត្ត​ពោធិ៍សាត់​ ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជុំវិញបឹង​ទន្លេ​សាប ដែល​ស្ថិត​​នៅ​ភាគ​ខាង​លិចបឹង ។ ខេត្ត​នេះ​មាន​ព្រំ​ប្រទល់ខាង​ត្បូង​ជាប់ខេត្ត​កំពង់​ឆ្នាំង ខេត្ត​កំពង់​ស្ពឺ និង​ខេត្ត​កោះ​កុង ខាង​ជើង​ជាប់ខេត្ត​បាត់ដំបង ខាង​លិច​ជាប់​ប្រទេសថៃ និង​ខាង​កើត​ជាប់​បឹង​ទន្លេ​សាប ។

ខេត្ត​ពោធិ៍សាត់ ​គ្រប​ដណ្តប់​ដោយ​ជួរ​ភ្នំ ជាពិសេស​គឺ​ជួរ​ភ្នំ​ក្រវាញ ។ ខេត្ត​នេះ​មាន​ផ្ទៃដី ១២.៦៩២ គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ ៣៦០.៤៩៥ នាក់​(តួលេខ​ឆ្នាំ ១៩៩៨) មាន​ចម្ងាយ​ផ្លូវ ១៨៩ គីឡូម៉ែត្រ ពី​រាជ​ធានី​ភ្នំពេញ តាម​ផ្លូវ​ជាតិ​លេខ ៥ ។ 


ខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​បែង​ចែក​ជា ៦ស្រុក និង១ក្រុង រួម​មាន ៤៩ ឃុំ-សង្កាត់ និង ៤៩៥ ភូមិ ៖
 
  • ក្រុង​ពោធិ៍សាត់ ប្តូរ​ឈ្មោះ​ពី​ស្រុក​សំពៅ​មាស (៧សង្កាត់)
  • ស្រុក​ភ្នំ​ក្រវាញ (៦ឃុំ)
  • ស្រុក​បាកាន (៩ឃុំ)
  • ស្រុក​កណ្តៀង (៩ឃុំ)
  • ស្រុក​ក្រគរ (១១ឃុំ)
  • ស្រុក​វាល​វែង (៥ឃុំ)
  • ស្រុកតាលោសែនជ័យ (ទើប​តែ​បង្កើត​ថ្មី​ដោយ​កាត់​យក​ឃុំ​ផ្ទះរុង​ ស្រុក​ភ្នំក្រវាញ ​ឃុំ​តាលោ​ ស្រុក​បាកាន និង​ភូមិ​កោះ​ស្វាយ​ ភូមិ​កោះ​វត្ត​ ឃុំ​ខ្នារទទឹង ស្រុក​បាកាន​) (២ឃុំ)

ទោះ​បី​ខេត្ត​នេះ​ មិន​មែន​ជា​តំបន់​ដែល​មាន​ប្រាសាទ​បុរាណ​សំខាន់ៗក៏​ដោយ ក៏​ខេត្ត​ពោធិ៍សាត់ពោរ​ពេញ​ដោយ​ប្រវត្តិ​សាស្ត្រ សង្គ្រាម​រវាង​សៀម និង​ខ្មែរ ដែល​បាន​កើត​ឡើង​ មុន​សម័យ​អាណា​និគមបារាំង ។ ទីតាំង​ប្រវត្តិ​សាស្ត្រ​ដែល​ល្បី​ល្បាញ​នោះ គឺ​ផ្នូរ​របស់​ឧកញ៉ា​ ឃ្លាំង​មឿង ។ គាត់​ជា​វីរ​បុរស​ខ្មែរ​ ដែល​បាន​ដឹក​នាំ ធ្វើ​សង្គ្រាម​ប្រឆាំង​ និ​ង​បាន​យក​ឈ្នះ សៀម​ក្នុង​ឆ្នាំ ១៤៨២ ។ ភាព​ល្បី​ល្បាញ​នៃ​ការ​ឆ្លាក់​វត្ថុ​សិល្បៈ និង​បដិមា ដែល​ធ្វើ​ពី​ថ្មកែវ រឹត​តែ​ធ្វើឱ្យ​ខេត្ត​នេះ មាន​ឈ្មោះ​ល្បី​ល្បាញ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​ច្រើន​ទ្វេ​ឡើង​ថែម​ទៀត ។ 

អត្តសញ្ញាណ​របស់​ខេត្ត​ពោធិ៍សាត់
១. រូប​សំណាក់​ផ្តិល​កែវ (ស្ថិត​នៅ​ចំ​កណ្តាល​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​ពោធិ៍សាត់ ចម្ងាយ ៦.៣គីឡូម៉ែត្រ​ពី​សាលាក្រុង​ពោធិ៍សាត់ )
២. រូបសំណាក់​ដើម​ពោធិ៍ (ស្ថិត​នៅ​ក្នុង​បរិវេណវត្ត​ពោធិ៍​មានបុណ្យ​ ក្នុង​ភូមិដង្កៀប​ក្តាម ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន)

បណ្តា​រមណីយដ្ឋានសំខាន់​ៗរបស់​ខេត្ត​​ ៖

១. ក្រុង​ពោធិ៍សាត់
  • រូប​ចម្លាក់​ថ្មកែវ 
  • កោះ​សំពៅ​មាស

២. ស្រុក​ភ្នំក្រវាញ
  • ល្បាក់​កំរោញ
  • ឈើ​តោក
  • កោះ​ថាស
  • កំពង់​ហ្លួង
  • ភ្នំ​បាក់​ត្រា
  • វត្ត​ស្បូវ​រីក
  • ទឹក​ធ្លាក់អូរដា

៣. ស្រុក​ក្រគរ
  • ទឹក​ធ្លាក់​ច្រក​ល្អៀង

៤. ស្រុក​វាល​វែង
  • ចំការ​ ស្តូបូរី
  • ព្រំដែន​កម្ពុជា-ថៃ

៥. ស្រុក​បាកាន
  • បូជនីយដ្ឋាន​លោក​តា​ ឃ្លាំង មឿង 
ប្រវត្តិ​ខេត្ត​ពោធិ៍សាត់

តាម​ពាក្យ​ពី​ព្រេង​នាយ​តំណាល​ថា មាន​ដើម​ពោធិ៍​មួយដើមរសាត់​ច្រាស​ទឹក​ដ៏​ប្លែក​អស្ចារ្យ​ ឃើញ​ដូច្នេះ​អ្នក​ស្រុក​ក៏​នាំ​គ្នា​យក​ខ្សែ​ពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់​ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទ​ព្រះខ័ន ។ រសាត់​មក​ដល់​ទី​នេះ ព្រះ​សង្ឃ​ និ​ងអ្នក​ស្រុក​ បាន​រៀប​ចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប​ ផ្កា​ភ្ញី ដោយ​អធិ​ដ្ឋាន​បួង​សួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រតិដ្ឋាន​ដាំ​ទុក​នៅ​ទី​តាំង​នោះ ។ 

ព្រះ​សង្ឃ​បាន​យក​ខ្សែ​អំបោះ ៧​សសៃ​ទៅ​ចង​ដើម​ពោធិ៍​ រួច​ប្រគំ​ភ្លេង​ពិណ​ពាទ្យថ្វាយ​ដើម​ពោធិ៍​ ស្រាប់​តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នក​ស្រុក​អូស​តាមជម្រាល​ដី​ឡើង​ច្រាំង​ខាង​កើត​ប្រាសាទ​ព្រះ​ខ័ន បាន​ដោយ​ងាយ ។ អ្នក​ស្រុក​ក៏​ស្រែក​អឺង​កង​ឡើង​ថា "បានការ...បានការ" ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ​ "ទួល​បាន​ការ​" តរៀង​មក ដែល​បច្ចុប្បន្ន​ ឋិត​នៅ​ខាង​កើត​វត្ត​បាកាន ក្នុង​ទឹក​ដី​ស្រុក​បាកាន​ ។ 

ដោយសារ​ប្រាសាទ​ព្រះខ័ន​ មាន​បារមី​ខ្លាំងពូកែ និង​បួង​សួង​សុំ​កំណប់​ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេចឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយ​ដូន​កែវ  និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំង​នោះ ។ អ្នក​ស្រុក​ និង​ព្រះ​សង្ឃ​ក៏​នាំ​គ្នា​លើក​ដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌កំបាំង​ដោយ​ក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូន​ភ្នំ និង​ប្តូរ​ឈ្មោះ​មក​ជា "បាកាន" វិញ​ដែល​បច្ចុប្បន្ន​គេហៅថា​ស្រុក​បាកាន ។ 

ក្រៅ​ពី​ខ្លឹម​សារ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​កម្ពុជ​សុរិយាឆ្នាំ២០០៣ ត្រង់ទំព័រ​ ៦២​នេះ នៅ​ក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ​ ជួន​ ណាត ត្រង់ទំព័រ​ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅជាប់​ខាង​កើត​បាត់​ដំបង ។ តាម​ពាក្យ​ដំណាល​ពី​ព្រេង​នាយថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​ទៅ​ដាំ​នៅ​កន្លែង​មួយ ។ ដោយ​ហេតុ​ដូច្នេះ​ ទើបឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង សាត់ ជា​ពាក្យ​តែ​មួយ​អាចប្រើ​ជួស​គ្នាបាន ។ លុះ​សំណេរ​ជា​យូរ​អង្វែង​មក​ បាន​ក្លាយជា​ "ពោធិ៍សាត់" រហូត​ដល់​សព្វថ្ងៃ ។ 

បច្ចុប្បន្ន​សាលា​ខេត្ត​ពោធិ៍សាត់​ស្ថិត​នៅ​ផ្ទះ​លេខ១០១ ភូមិ​ពាល​ញែក​២ សង្កាត់​ព្រៃញី ​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ។ 
Previous
Next Post »
0 Komentar