ស្ពាន​ប្ញស្សី​ ខេត្ត​កំពង់ចាម

ស្ពានប្ញស្សី ខេត្ត​កំពង់ចាម

ស្ពាន​ប្ញស្សី​ រឺ​គេ​និយម​ហៅ​ថា ស្ពាន​ប្រដឺស ស្ថិតនៅ​ខេត្ត​កំពង់ចាម ជា​ស្ពាន​សម្រាប់​ឆ្លងកាត់​ទន្លេ​មេគង្គ​ ពី​សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ទៅ​កាន់​ទឹក​ដី​កោះ​ មាន​កោះ​ប៉ែន កោះ​មិត្ត កោះ​ព្រលូង កោះ​សូទិន​ ស្ថិតនៅ​ឃុំ​កោះ​មិត្ត ស្រុក​កំពង់​សៀម ។
ស្ពាន​នេះ​បាន​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជា​ពលរដ្ឋ​ដី​កោះ និង​ដី​គោក អាច​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​ និង​ជា​ផ្នែក​មួយ​នៃវិស័យ​ទេសចរណ៍​ផងដែរ ។ 

ស្ពាន​នេះ​មាន​ប្រវែង​ជិត​១ពាន់ម៉ែត្រ កសាង​ឡើង​សម្រាប់​ឆ្លង​កាត់​ទឹក​ទន្លេ​មេគង្គ​តែនៅ​​រដូវ​ប្រាំង ហើយ​រដូវ​វស្សាប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ស្ពានបេតុងវិញ ។ ស្ពាន​ប្ញស្សី​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក​ម្ល៉េះ ដោយ​ហេតុ​ថា​ទី​តាំង​ឆ្លង​កាត់​ពី​ក្រុង​កំពង់ចាម​ទៅកាន់​ដី​កោះ គឺ​អាច​ឆ្លង​កាត់​បាន​តែ​នៅ​រដូវ​វស្សា​ប៉ុណ្ណោះ រីឯ​រដូវ​ប្រាំង មាន​ខ្សាច់​ដុះ​ច្រើន​ពេក ធ្វើអោយ​ទូក​មិន​អាច​ឆ្លងកាត់​បាន ទើប​ប្រជាជន​ជំនាន់​នោះ​បង្កើត​ស្ពាន​នេះ​ឡើង ។ 

ស្ពាន​ប្ញស្សី​ ធ្វើ​ឡើង​អំពីប្ញស្សី​ក្រង ឬ​ត្បាញ​ភ្ជាប់​គ្នា ព្រម​ទាំង​មានជន្ទល់ ឬ​ជើង​ស្ពាន​យ៉ាង​ញឹក​ប្រៀប​ដូច​នឹង​ជើង​ក្អែប​ ហើយ​ចង​ភ្ជាប់​គ្នា​ដោយ​ខ្សែ​លួស ។ ស្ពាន​នេះ​ត្រូវ​ចំណាយ​ប្ញស្សី​ប្រមាណ​ ៤ម៉ឺន​ដើម ហើយ​ប្ញស្សី​ទាំង​នោះ ជារៀង​រាល់​ឆ្នាំ ម្ចាស់​កំពង់​ចម្លងត្រូវ​ទិញ​ប្ញស្សី​ព្រៃ​ពី​ខេត្ត​ក្រចេះ ដែលចំណាយ​ទឹក​ប្រាក់​ប្រមាណ ៦ម៉ឺន​ដុល្លា​ដើម្បី​សាង​សង់ ។ នៅ​តាម​បណ្តោយ​ស្ពាន​ពេល​យប់​មាន​ដាក់​អំពូល​ភ្លើង​មួយៗ ដើម្បី​បំភ្លឺ​ដល់​អ្នក​ធ្វើ​ដំណើរ​ អាច​ឆ្លង​ទៅ​មក​រហ័ស​ទាន់​ចិត្ត គឺចង់​ទៅ​ថ្មើ​រណា ទៅថ្មើរ​ហ្នឹង ។ 

នៅ​រដូវ​វស្សា​ ស្ពាន​នេះ​ត្រូវ​រុះ​រើ​ទុក​សម្រាប់​ប្រើ​ប្រាស់​ឆ្នាំ​ក្រោយ តែ​ម្ចាស់​កំពង់​ចម្លង​នៅតែ​ទិញ​ប្ញស្សី​ប្រមាណ ៣ម៉ឺន​ដើមទៀតជា​រៀង​រាល់​ឆ្នាំ ។ ស្ពាន​នេះ​ចាប់​ផ្តើម​ធ្វើ​នៅ​ខែ​វិច្ឆិកា និង​ខែធ្នូ ហើយ​ដាក់​អោយ​ប្រើ​ប្រាស់​នៅ​ខែ​មករា រហូត​ដល់​ខែ​មិថុនា ទើប​រុះ​រើ​ចេញ ។ 

ចំពោះ​តម្លៃ​ឆ្លង​កាត់​ស្ពាន​មួយ​លើក​សម្រាប់​មនុស្ស​ម្នាក់ ៤០០រៀល កង់​១គ្រឿង ២០០រៀល ម៉ូតូ​១គ្រឿង ៥០០រៀល រទេះសេះ និងសេះ ២០០០រៀល រថយន្ត​ធុន​មធ្យម ១ម៉ឺនរៀល រថយន្ត​ធុន​តូច​ ៦០០០រៀល ។ ចំណែក​មន្ត្រី​រាជការ​ និង​សិស្សសាលា​មិន​យក​តម្លៃ​មនុស្ស​ឆ្លងកាត់ទេ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​កង់ ​ឬម៉ូតូ​ក្នុង​ពេល​ធ្វើ​ដំណើរម្តងៗ ។ 

ជារៀង​រាល់ថ្ងៃ​ ប្រជា​ពលរដ្ឋ​នៅ​ដី​គោក និង​ដី​កោះ តែ​ង​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ប្ញស្សីទៅ​មក រួម​មាន​សិស្ស​សាលា​មក​រៀន​នៅ​ក្រុង​កំពង់ចាម អ្នក​ភូមិ​ដឹក​កសិផល​ដូចជា ថ្នាំ​ជក់ ពោត​ ល្ង និង​ផ្លែ​ឈើ​ហូប​ផ្លែ​មក​លក់​នៅ​ក្រុង​កំពង់ចាម ។ 
First
0 Komentar