ទឹក​ធ្លាក់​ច្រក​ល្អៀង ខេត្ត​ពោធិ៍សាត់

ទឹកធ្លាក់​ច្រក​ល្អៀង (Khmer Daily)
រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង ស្ថិត​នៅ​ភាគ​និរតី​ទី​រួម​ខេត្ត​ពោធិ៍សាត់ ក្នុង​ឃុំឈើ​តុំ ស្រុក​ក្រ​គរ ខេត្ត​ពោធិ៍សាត់ ដែល​មាន​ចំងាយ​ប្រមាណ ៧៣​គីឡូម៉ែត្រ​ ពីទី​រួម​ខេត្ត​ពោធិ៍សាត់ និង​ចំងាយ​ប្រមាណ ៤៣​គីឡូម៉ែត្រ​ពីផ្សារ​ក្រគរ ទី​រួម​ស្រុក​ក្រគរ ។ 

បើ​អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ លុះ​ដល់​ផ្សារ​ក្រគរ ត្រូវ​បត់​ចូល​តាម​ផ្លូវ​គ្រួស​ក្រហម នៅ​ខាង​ឆ្វេងដៃ​ ហើយ​ធ្វើ​ដំណើរ​បន្ត​រហូត​ដល់​តំបន់​ទឹក​ធ្លាក់​ដែល​ផ្លូវ​មាន​សភាពខ្សាច់​ប្រមាណជាង​ ៧​គីឡូម៉ែត្រ រឺ​អាច​ធ្វើ​ដំណើរ​តាម​ច្រក​ផ្សារ​ពង្រ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ។ 

នៅ​ទី​នោះ​ មាន​ទឹក​ធ្លាក់​កម្ពស់​ ៧ម៉ែត្រ និង​ព្រៃ​ភ្នំ​ធម្មជាតិចម្រុះ​ពណ៌​ខៀវ​ស្រងាត់ ជា​ពិសេស​ទឹក​ជ្រោះ​ហូរ​ត្រដុស​តាម​បណ្តោយ​ផ្ទាំង​ថ្មដា​រហូត​ដល់ ៣០០០ម៉ែត្រ ប្រកប​ដោយ​ល្បាក់​ទឹក ដែល​អាចអោយ​ភ្ញៀវ​ទេសចរណ៍​លេង​ទឹក​ ឬ​រំអិល​ខ្លួន​លើ​ផ្ទាំង​ថ្ម​បាន ។ ទឹក​ធ្លាក់​មាន​ប្រភព​ហូរ​ចេញ​មក​ពី​លើ​កំពូល​ភ្នំ​នៅ​ដំណាក់​ទី​៧ ដែល​ដំណាក់​ទឹក​ធ្លាក់​ទាំង​៧​ជាន់​នោះ​មាន​ឈ្មោះ ដំណាក់​ទឹក​ឈូ មនោរម្យ ថ្ម​សណ្តូក ជ្រោះ​ដំណាក់​ព្រះ ជ្រៃ​ក្រឹម​ កោះ​សុបិន និង​ដំណាក់​ទឹក​ធ្លាក់ ។ បើ​គិត​ចាប់​ពី​ដំណាក់​ទឹក​ឈូ​ឡើង​ដល់​ដំណាក់​ទឹក​ធ្លាក់​មាន​ប្រវែង​ប្រមាណ ១០៦០ ម៉ែត្រ ។

រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ច្រក​ល្អៀង​របស់​​សហគមន៍​ ឃុំ​ឈើ​តុំ​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ២០០២ និង​ក្រោយ​មក​ត្រូវបាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការនៅ​ឆ្នាំ ២០១០ ។ 

ចំពោះ​ម្ហូប​អាហារ​នៅ​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ច្រកល្អៀងវិញ ក្រោម​ការ​រៀប​ចំ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ បាន​កំណត់​តម្លៃ​ច្បាស់​លាស់​ ដើម្បី​អោយ​មាន​ការ​ងាយ​ស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ។ តែ​លោក​ក៏​បាន​លើក​ឡើង​ថា តម្លៃ​មាន់​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ចូល​ឆ្នាំ​ខ្មែ​រ នៅ​តែ​អាច​ឡើង​ថ្លៃ ។

ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ និង​សុវត្ថិ​ភាពនៅ​រមណីយ​ដ្ឋានទឹក​ធ្លាក់​ច្រក​ល្អៀង​ឱ្យ​បាន​ល្អ សហគមន៍​បាន​យក​ថ្លៃ​សេវាកម្ម​មួយ​ចំនួន​ដូចជា រថយន្ត​តូច​១​គ្រឿង​ បង់​៥០០០រៀល ធុន​កណ្តាល​ បង់​១០០០០ម៉ឺន​រៀល និង​រថយន្ត​ធំ ចាប់​ពី​៥​តោនឡើង​ទៅ បង់​ ១៥០០០រៀល ។

ភ្ញៀវ​ទេសចរណ៍​ជាតិ​ម្នាក់​បង់​១០០០​រៀល រីឯ​កុមារ​តូចៗ​មិន​បង់​ប្រាក់​ឡើយ ។ ដោយ​ឡែក​ភ្ញៀវ​ទេសចរណ៍​បរទេសម្នាក់​ត្រូវ​បង់​ប្រាក់​១ដុល្លារ ។ 

សូម​ទស្សនា​វីដេអូ​ ថត​ដោយ​ ទូរទស្សន៍​ជាតិ​កម្ពុជា ខេត្ត​ពោធិ៍សាត់

Previous
Next Post »
0 Komentar