វត្តគុហាគង្គា រឺអ្នកស្រុកនិយមហៅព្រះអង្គគុហ៍ ជាវត្តស្ថិតនៅក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ព្រះអង្គគុហ៍ស្ថិតនៅចម្ងាយប្រមាណ ១១គ.ម ពីសាលាស្រុកស្ទឹងត្រង់ និងចម្ងាយប្រមាណ ៤៣គ.ម ពីសាលាខេត្តកំពង់ចាម ។
វត្តគុហាគង្គាកាលពីប៉ុន្មានឆ្នាំមុន មិនទាន់មានផ្លូវស្អាតទៅដល់វត្តឡើយ តែក្រោយពីគម្រោងផ្លូវក្រាលកៅស៊ូ២ជាន់ប្រភេទ DBST ប្រវែង៣៧០០ម៉ែត្រ របស់រាជរដ្ឋាភិបាល អនុវត្តគម្រោងដោយនាយកដ្ឋានផ្លូវលំជនបទ កាលពីឆ្នាំ២០១៨ ឥលូវផ្លូវទៅកាន់វត្តគុហាគង្គា មានលក្ខណៈងាយស្រួល ដែលអាចនាំអារម្មណ៍អ្នកទេសចរណ៍ទៅកម្សាន្តដល់ទីតាំងវត្ត និងល្អាងតែម្តង ។
ដើម្បីទៅកាន់វត្តព្រះអង្គគុហ៍ យើងចេញដំណើរពីសាលាខេត្តកំពង់ចាម តាមផ្លូវ២២២ តាមបណ្តោយមាត់ទន្លេឡើងទៅជើង ទៅកាន់ទីរួមស្រុកស្ទឹងត្រង់ និងបន្តដំណើរទៅបឹងកេត នឹងឃើញក្លោងទ្វារវត្ត ។
យើងអាចធ្វើដំណើរពីខាងលើចុះទៅកាន់ល្អាងព្រះអង្គគុហ៍តាមកាំជណ្តើរក៏បាន រឺយើងអាចបើកបរឡានដល់បរិវេណវត្តនៅខាងក្រោម រឺបើកម៉ូតូឡើងដល់ទីតាំងល្អាងក៏បាន ។ ទីធ្លាវត្តធំទូលាយមានការចាក់បេតុងយ៉ាងស្អាត មានជាសាលាឆទាន រូបសំណាក ព្រះវិហារស្អាត រូបផ្លែឈើ រូបឆ្នាំទាំង១២នៅជុំវិញវិហារ និងរោងអង្គុយលេង ។ នៅទីនោះ ក៏មានអ្នកស្រុកលក់ចំណីអាហារផងដែរ តែមានមិនច្រើនទេ ។
អ្នកធ្វើដំណើរទៅកាន់ព្រះអង្គគុហ៍ ភាគច្រើនជាអ្នកស្រុកដែលនៅជុំវិញតំបន់នោះ ទៅកម្សាន្ត និងបន់ស្រន់ ដោយមានជំនឿថានៅទីនោះ គឺសក្តិសិទ្ធ ។ ប្រជាពលរដ្ឋទៅកម្សាន្តច្រើនកុះករ នៅថ្ងៃបុណ្យទាន និងថ្ងៃចុងសប្តាហ៍ ។ យើងអាចធ្វើដំណើរឡើងតាមសៀរល្អាងឡើងទៅលើដើម្បីលេងក្នុងចំការ និងថតរូបទៅកាន់ស្ពានស្ទឹងត្រង់ ក្រូចឆ្មារ ដែលមានខ្យល់អាកាសបរិសុទ្ធ ។
ប្រវត្តិវត្តគុហាគង្គា
តាមការនិយាយដំណាលតគ្នា គឺកាលពី៨១ឆ្នាំមុន ប្រមាណក្នុងឆ្នាំ ១៩៣៩ ជាព្រះពុទ្ធរូបផ្ទុំសង់អំពីឈើ បានអណ្តែតក្នុងទឹកទន្លេមេគង្គ ហើយក៏ត្រូវបានអ្នកនេសាទស្រង់ចេញពីទឹក មកប្រគេន ព្រះចៅអធិការវត្តនេះ ដែលដើមឡើយឈ្មោះ វត្តដើមជ្រៃ ។ ប៉ុន្តែច្រើនឆ្នាំក្រោយ រូបព្រះអង្គនេះ បានពុកផុយ ហើយចៅអធិការវត្តក៏សម្រេចកសាងព្រះពុទ្ធរូប ដដែលនេះជាថ្មឡើងវិញ ដោយបានតម្កល់ទុកក្នុងល្អាងមកទល់សព្វថ្ងៃ និងដាក់ឈ្មោះថា វត្តគុហាគង្គា ហៅវត្តព្រះអង្គគុហ៍ ។
មើលរូបជាច្រើនទៀត ចុចទីនេះ
ទេសចរណ៍ស្រុកខ្មែរ សូមអញ្ជើញបងប្អូនអ្នកទេសចរណ៍ អ្នកមានជំនឿលើការបន់ស្រន់ កុំភ្លេចធ្វើដំណើរទៅកម្សាន្ត និងបន់ស្រន់នៅរមណីយដ្ឋានវត្តគុហាគង្គា រឺវត្តព្រះអង្គគុហ៍ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ក្នុងស្រុកយើង ។
វត្តគុហាគង្គា នៅលើផែនទី
0 Komentar