ស្មៅទន្លេ ខេត្តកំពង់ចាម​

អាហារដ្ឋានស្មៅទន្លេ
អាហារដ្ឋានស្មៅទន្លេ

អាហារដ្ឋាន​ស្មៅ​ទន្លេ ជា​អាហារដ្ឋាន​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិ​ទី២ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម មាន​ជា​កន្លែង​បរិភោគអាហារ និង​កន្លែងថតរូប​ច្រើន​បែប​បទ ។ 

អាហារដ្ឋាន​ស្មៅ​ទន្លេ មាន​ចម្ងាយ​ប្រមាណ ២.៥គ.ម ពី​សាលា​ខេត្តកំពង់ចាម និង​ចម្ងាយ​ប្រមាណ ១២៤គ.ម ពីសាលា​រាជធានីភ្នំពេញ ។ ពីរាជ​ធានី​ភ្នំពេញ លោក​អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា រហូត​ដល់​រង្វង់​មូល​ថ្នល់​​បែក រួ​ចបន្ត​ដំណើរ​តាម​ផ្លូវ​ជាតិលេខ​៦​ដល់​រង្វង់​មូល​ស្គន់ និង​បន្ត​ដំណើរ​រហូត​ដល់​ក្រុង​កំពង់ចាម ។ ពេល​ដល់​រង្វង់មូល​គល់​ស្ពាន​គីហ្សូណា យើង​ធ្វើ​ដំណើរតាម​ផ្លូវ​មាត់​ទន្លេ ទៅទិស​ខាងត្បូង​ ជិត​ដល់​ស្ពាន​ប្ញស្សី​ឆ្លង​ទៅ​កោះប៉ែន យើង​នឹង​ឃើញ​អាហារដ្ឋាន​ស្មៅទន្លេ នៅខាងឆ្វេងដៃ ។ តាម​ផ្លូវ​មាត់​ទន្លេ យើង​អាច​ឃើញ​សួនច្បារ​ ស្ពាន​គីហ្សូណា​ ស្ពាន​ប្ញស្សី និង​ប្រជាជន​ក្នុង​ក្រុង​កំពង់ចាម ។ 

ការ​ចូល​ញ៉ាំម្ហូប​អាហារនៅអាហារដ្ឋាន​ស្មៅទន្លេ មិន​តម្រូវអោយ​បង់​ប្រាក់ថ្លៃ​ចូលទេ គឺ​គិត​តែថ្លៃម្ហូប​អាហារ​ហូប​តែប៉ុណ្ណោះ តែសម្រាប់​ការ​ចូល​ថត​រូប​លេង​កម្សាន្ត តម្រូវ​អោយ​បង់​ប្រាក់​ក្នុង​ម្នាក់ ៣,០០០រៀល ។ ចំណែក​ឯការ​ផ្ញើម៉ូតូ​មិន​អស់ថ្លៃទេ ។ 

ចំពោះម្ហូបអាហារ​មាន​ច្រើន​មុខ​តាម​ការកម្មង់​របស់​លោក​អ្នក ហើយ​តម្លៃ​ក៏សមរម្យ​ អាចទទួល​យក​បាន ។ សម្រាប់បងប្អូន​ដែល​មាន​គ្នា​ច្រើន អាច​ធ្វើ​ការ​ទាក់ទង ដើម្បី​កក់​កន្លែង​មុន​ ។ កន្លែង​អង្គុយ​មាន​ផាសុកភាព និង​មាន​ច្រើន​សណ្ឋាន ទាំង​កន្លែង​អង្គុយផ្ទាល់ អង្គុយ​កៅអី ។ 

ក្រឡេក​ទៅ​ទេសភាព និង​កន្លែង​ថតរូប​ ដែល​ទាក់​ទាញ​បងប្អូន​មិនថាទីជិត​ ទីឆ្ងាយ​មក​ទស្សនា​មិន​ដែល​ដាច់​នោះ ក៏​សម្បូរបែប​ដែរ ។ លោក​អ្នក​អាច​មើល​រូប​ផ្សេងៗ ដោយ ចុចទីនេះ ក្រៅ​ពី​រូប​ទាំង​នេះ យើង​អាច​មើល​ឃើញ​ទូក​នេសាទ ស្ពាន​ប្ញស្សី​ឆ្លង​ទៅ​កោះប៉ែន​ ឆ្នេរ​ខ្សាច់​កោះប៉ែន ថែម​ទៀត ។

ឥលូវ​នេះ មាន​គូស្វាមីភរិយាថ្មី​ជាច្រើន​គូ​ទៅថត​ Pre-Wedding ជា​មួយ​ទេសភាព​ទាំង​នោះ ។ 

អាហារ​ដ្ឋាន​ស្មៅ​ទន្លេ​ពីមុន​គ្រាន់​តែ​ជាកន្លែង​ទទួល​ទាន​អាហារ​ជាមួយ​ការរៀប​ចំ​បែប​កម្សាន្ត​ជាមួយ​ធម្មជាតិ​មាត់​ទន្លេប៉ុណ្ណោះ ក្រោយ​ប៉ុន្មាន​ឆ្នាំ​មក​ម្ចាស់​អាហារដ្ឋាន​បាន​អភិវឌ្ឍន៍​អោយ​កាន់​តែស្រស់​ស្អាត មាន​កន្លែង​ថតរូប​ជាច្រើន ។

សម្រាប់លេខ​ទាក់ទង​ទៅកាន់អាហារដ្ឋាន​ស្មៅទន្លេ : 012 21 35 12 / 011 92 25 22 ។ អាហារដ្ឋាន​ចាប់​បើក​លក់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​១០យប់ ។
Previous
Next Post »
0 Komentar