ស្ទឹង​សង្កែ ខេត្ត​បាត់​ដំបង

ស្ទឹង​សង្កែ​ជា​ស្ទឹង​សំខាន់​មួយ​ហូរ​កាត់​ ទី​ប្រជុំ​ជន​បាត់​ដំបង 
   ស្ទឹង​នេះ មាន​ប្រភព​នៅ​ភ្នំ​ទឹក​ព្រិល​ ជា​ភ្នំ​ខ្ពស់​មួយ​នៅ​ក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​គេហៅថា ស្រុក​លើ មាន​ស្ទឹង​អូរ​តូចៗជាច្រើន​ហូរ​ចាក់​មក ដូចជា អូរ​ក្បាល​ក្របី អូរ​គគីរ ស្ទឹង​ក្រញូង អូរ​ស្ពាន អូរ​ត្រែង អូរ​អណ្តូង ស្ទឹង​កំពង់​គល់ ។ល។

   កាល​ដើម​ឡើយ​ នៅ​ប្រមាណ​ ៣គីឡូម៉ែត្រ ខាង​ត្បូង​ទី​ប្រជុំ​ជន​បាត់​ដំបង ស្ទឹង​សង្កែ​ហូរ​បែកជា​ពីរ គឺអូរដំបង និង​អូរសង្កែ តែ​ក្រោយ​មក​ គេ​បាន​ចាត់​ចែង​ទប់​ស្ទឹង​អូរ​ដំបង​នេះ ដើម្បី​អោយ​ទឹក​ហូរ​មកតែមួយ​ផ្លូវ តាម​ស្ទឹង​ដដែល​ដែល​ហូរ​កាត់ ទី​ប្រជុំ​ជន​បាត់​ដំបង ។ តាម​សេច​ក្តី​ដំណាល​របស់​ចាស់​ទុំ​មុនៗ មក​និយាយថា​ ស្ទឹង​សង្កែ​ កាល​ពី​ដើម​ជា​ស្ទឹង​តូច​មួយ​មាន​ទទឹង​ប្រហែល ៤ទៅ៥​ម៉ែត្រ ត្រង់​មុខ​វត្តសង្កែ ហើយ​មាន​ដើមសង្កែ​មួយ​ដុះ​ទេរ​ទៅ​ត្រើយ​ម្ខាង ។ គេដើរ​លើ​ដើម​សង្កែ​នោះ​ឆ្លង​ស្ទឹង​បាន បាន​ជា​ដីត្រង់​នោះ គេហៅថា គុម្ព​សង្កែ ។ តមក​គេ​បាន​សាង​ វត្ត​នេះ​ឡើង​ហៅ​ថា វត្ត​សង្កែ ។ 

   ឯ​តួ​ស្ទឹង​ធំ​សំរាប់​បាត់​ដំបង គឺ​ស្ទឹង​នៅ​ត្រង់​ ភូមិ​អូរ​ដំបង សព្វថ្ងៃ​នេះ​បានជា​នៅ​ខាង​ចុង​ស្ទឹង​នេះ គេ​ហៅថាស្ទឹង​ចាស់ គឺ​នៅត្រង់​ភូមិ​ស្ទឹង​ចាស់ ។ ក្នុង​ឱ​កាស​ដែល​ទប់​ស្ទឹង​នេះ គេធ្វើ​ទំនប់​ត្រង់​ស្ទឹង​បែក​ក្បែរ វត្ត​ខ្វែង ប៉ុន្តែ​ទប់​មិនជាប់​ ចេះ​តែ​បាក់​ច្រើន​ដងច្រើន​គ្រា ទើ​បពេល​ក្រោយ​ គេ​មក​ទូក​ថ្វែ​ធំមួយ​ដាក់​ទទឹង​ព្រែក ហើយ​ដាក់​ដីជា​ទំនប់ ។ មាន​ចាស់​ៗភាគច្រើន​ដែល​បាន​ចាំ​រឿងរ៉ាវ​និយាយ​តៗគ្នា​ថា គេធ្វើ​ពិធី​បួងសួង​ដោយ​សំលាប់​ស្ត្រី​មាន​គភ៌​ម្នាក់​បូជា​វត្ថុសក្តិសិទ្ធិ ដែល​រក្សា​ទំនប់​នោះ​ផង ។ ត្រង់​នេះ​ហៅថា ព្រែកពណ្ណរាយ មាន​ចាស់​ទុំ​មួយ​ពួក​ទៀត​ បាន​និយាយថា គេបានធ្វើ​កូន​សាលា​តំកល់​បដិមាន​បី​អង្គ គឺ​ព្រះ​ពុទ្ធរា ព្រះហស្ថ​ ១អង្គ ព្រះពុទ្ធ​ប្រក់​នាគ ១អង្គ និ​ងព្រះនរាយណ៍ ១អង្គ នៅ​ក្បែរ​ទំនប់ ។ តាំង​ពី​នោះ​មក​ទំនប់​ក៏លែង​បាក់​ ទឹក​ស្ទឹង​ក៏​ហូរ​តាម​ស្ទឹង​បាត់​ដំបង កាន់​តែរីក​ធំឡើងៗ ។ ស្ទឹង​ដែល​ហូរ​កាត់​តាម​អូរដំបង​ក៏​កាន់​តែ​រាក់​តូច​ទៅៗ បន្តិច​ម្តងៗ ។ នេះ​បើ​តាម​ឯកសារ​របស់​ ព្រះ​គ្រូសិរី​សត្ថា​កែវសាង អនុគណៈ​ស្រុក​បាត់​ដំបង បាន​ពណ៌នា ។

ស្ទឹងសង្កែ ពីសម័យដើម
តាម​ឯកសារ​ បាន​សន្និដ្ឋាន​បាន​ថា ទំន​ប់​នេះ ប្រហែលជា​សាងសង់​មុន​ឆ្នាំ ១៧៩៥​ ទៀត ។

ប្រភព សៀវភៅ​បាត់​ដំបង​សម័យ​លោក​ម្ចាស់ ទំព័រ​ ៣៩
Previous
Next Post »
0 Komentar