ភូមិអន្លង់ជ្រៃ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយប្រមាណ ៤៨គីឡូម៉ែត្រ ។ ភូមិនេះស្ថិតនៅក្នុងស្រុកកំណើតរបស់សម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ។
ដើម្បីបានទៅដល់ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ យើងធ្វើដំណើរចេញពីក្រុងសួង តាមបណ្តោយផ្លូវជាតិលេខ៧ រហូតមកដល់ផ្លូវបំបែកត្រង់ស្រុកពញាក្រែក ហើយបត់ស្តាំធ្វើដំណើរតាមផ្លូវជាតិលេខ៨ បន្តចំងាយប្រមាណ ១៩គីឡូម៉ែត្រទៀត ។ យើងនឹងដល់ភូមិអន្លង់ជ្រៃហើយ ។
នៅពេលតែទៅដល់ភូមិនេះភ្លាមយើងនឹងបានឃើញការអភិវឌ្ឍ និងការរៀបចំប្រកបដោយសោភណភាព ដែលមានអាងស្តុកទឹកមួយយ៉ាងធំ និងឃើញប្រឡាយទឹកមួយខ្សែស្តារឡើងជារាងអក្សរ (L) មានទឹកដក់ខួបប្រាំងខួបវស្សាសម្រាប់ប្រើតាមតម្រូវការ ។ លំនៅឋានរបស់អ្នកស្រុកត្រូវបានសាងសង់ឡើងមានម៉ូតដូចៗគ្នាជាជួរ (២ខ្នង សសរបេតុង ជញ្ជាំងក្តារ ប្រក់ក្បឿង) គួរអោយចង់រស់នៅណាស់ ។
ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិអន្លង់ជ្រៃ គឺពឹងផ្អែកទាំងស្រុងទៅលើមុខរបរកសិកម្មព្រមទាំងដំណាំដាំដុះ សម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ។
0 Komentar