រមណីយដ្ឋានបែបធម្មជាតិទឹកធ្លាក់អូរដា កំពុងត្រូវការអ្នកទេសចរណ៍ទៅកម្សាន្ត
រមណីយដ្ឋានទឹកធ្លាក់អូរដា ស្ថិតនៅភាគនិរតីក្រុងពោធិ៍សាត់ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំងាយប្រមាណ ៥៦គីឡូម៉ែត្រពីក្រុងពោធិ៍សាត់ និងប្រមាណ ២៧គីឡូម៉ែត្រពីខ្លោងទ្វារចូលវត្តព្រៃខ្លុង ។
យើងមិនអាចធ្វើដំណើរដោយរថយន្តបាននោះទេ ដោយសារផ្លូវក្រោយទសវត្សទី៩០ មិនមានការថែរក្សា និងជួសជុល ព្រោះក្រុមរកស៊ីឈើធ្វើការដឹកឈើបង្ហិនបង្ហោចផ្លូវ និងគួបផ្សំទឹកភ្លៀងហូរដាច់ផង ។ ជាពិសេសទៀតនោះ ការខ្លាចរអារដោយមានមនុស្សស្លាប់ ។ តែឥលូវយើងអាចធ្វើដំណើរដោយម៉ូតូ រឺរថយន្តប្រើប៉ុង២បាន ។ លោកអ្នកអាចធ្វើដំណើរទៅកម្សាន្តនៅអំឡុងខែ៥ ៦ និងខែ៧ ដោយសារក្នុងខែនេះ មេឃមិនសូវភ្លៀងខ្លាំង ដែលបង្កផលលំបាកច្រើន ។
ភ្ញៀវទេសចរណ៍ដែលប្រាថ្នាចង់ទៅកម្សាន្តនៅទឹកធ្លាក់អូរដា ត្រូវបន្តដំណើររយៈពេល ១ម៉ោង ពីភូមិឋាននៅក្បែរទំនប់ទឹកទី ៣ និងទី៥ តាមរយៈម៉ូតូលើចំងាយផ្លូវជាង ១៥គីឡូម៉ែត្រ ។
ដំណើរផ្លូវលំឡើងភ្នំដែលទឹកភ្លៀងហូរដាច់អន្លើរៗ គួបនឹងការបំផ្លិចបំផ្លាញពីម៉ូតូ និងរទេះគោដឹកឈើឆ្លងកាត់គ្មានសល់ពេល ភ្ញៀវទេសចរណ៍ត្រូវវាងកាត់ចម្ការក្រូច បង់ប្រាក់ឆ្លងស្ពានឯកជន ជង្ហុកជ្រៅៗ ភក់រអិល ថ្មរដិបរដុប ពិសេសចំណុចល្អាងម្នាស់ ។ តែឥលូវនេះ ផ្លូវធ្វើដំណើរត្រូវបានអាជ្ញាធរធ្វើការជួសជូល ឈូសឆាយអោយមានលក្ខណៈងាយស្រួលជាងមុន តែនៅតែមានចំនុចឆ្លងកាត់ទឹកហូរកាត់ផ្លូវដដែល ។ ប៉ុន្តែបើអ្នកតាំងចិត្តពុះពារជំនះដោយទុកអារម្មណ៍មួហ្មង អ្នកកុំភ្លេចឆ្លៀតមើលមេអំបៅព្រៃចម្រុះពណ៌ហិចហើរទាំងហ្វូងត្រសងផ្លូវពីដើមរហូតដល់ទឹកធ្លាក់ ។
ចំពោះភាពទ្រឹងនៃការធ្វើផ្លូវជម្រាលភ្នំរាប់ឆ្នាំនេះលោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្លូវក្រាលគ្រួសក្រហមមិនមាននិរន្តភាពទេ យើងត្រូវការផ្លូវក្រាលកៅស៊ូ តែខាងមន្ទីរទេសចរណ៍ខេត្តមិនមានលទ្ធភាពទេ ព្រោះត្រូវចំណាយច្រើន ។ រឿងនេះមានតែទុកឱ្យរាជរដ្ឋាភិបាល និងដៃគូសហការណ៍ប៉ុណ្ណោះ ។
ទឹកធ្លាក់អូរដាដែលមានប្រភពពីស្ទឹងអារ៉ៃលើខ្នងភ្នំឱរ៉ាល់បានបែងចែកជា ៣តំបន់កម្សាន្ត ដែលផ្នែកខាងលើ ទឹកហូរជម្រាលស្រោបកម្រាលថ្មធ្លាក់ចុះចូលអន្ទង់ ។ បន្ទាប់មកនៅផ្នែកកណ្តាល ជាទីកន្លែងលេងដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ ពីព្រោះវាហូរធ្លាក់លើផែនថ្ម ជាដំណាក់ៗរាក់ៗ ដែលអំណោយផលសម្រាប់ងូត និងគេងសំដិលថ្ងៃ ។ ចំណែកផ្នែកខាងក្រោម ជាតំបន់ទឹកហូរគួចខ្លាំងពេលទឹកជន់ឡើង ពុះជ្រែកក្រហែងថ្មធំៗ មុននឹងធ្លាក់ទៅក្នុងស្ទឹងដែលហ៊ំព័ទ្ធដោយព្រៃព្រឹក្សាប្រ៉មមាត់ទឹក ។
តាមលោកតា ហ៊ាន ចាន់ ហៅមឿន ជាអ្នកចាស់ស្រុកនៅភូមិរកាត មានឪពុកជាហ្មដំរី បាននិយាយថា អូរដានេះកាលដើមឡើយ គេហៅថាដាអារ៉ៃ ឬ ដាព្រះនាងឪរ៉ៃ ដែលមានរឿងព្រេងនិទានមួយទាក់ទងនឹងតំបន់រមណីយដ្ឋាននេះទៀតផង ។
សូមទស្សនាវីដេអូ ដោយក្រុមការងារ ភ្នំពេញប៉ុស្តិ៍
0 Komentar