វត្ត​គុហា​គង្គា ហៅ​វត្ត​ព្រះអង្គ​គុហ៍ - ខេត្ត​កំពង់ចាម


វត្ត​គុហាគង្គា​ រឺ​អ្នក​ស្រុក​និយម​ហៅ​ព្រះអង្គ​គុហ៍ ជា​វត្ត​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​សង្កែលិច ឃុំ​ពាម​កោះស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ព្រះអង្គ​គុហ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១១គ.ម ពីសាលាស្រុកស្ទឹងត្រង់ និងចម្ងាយប្រមាណ ៤៣គ.ម ពីសាលាខេត្តកំពង់ចាម ។ 

វត្ត​គុហាគង្គា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន មិន​ទាន់​មាន​ផ្លូវ​ស្អាត​ទៅ​ដល់​វត្ត​ឡើយ តែ​ក្រោយ​ពី​គម្រោង​ផ្លូវ​ក្រាល​កៅស៊ូ​២ជាន់​ប្រភេទ DBST ប្រវែង៣៧០០ម៉ែត្រ របស់​រាជរដ្ឋាភិបាល អនុវត្ត​គម្រោង​ដោយ​នាយកដ្ឋាន​ផ្លូវ​លំជនបទ កាលពីឆ្នាំ២០១៨ ឥលូវ​ផ្លូវ​ទៅ​កាន់​វត្ត​គុហាគង្គា​ មាន​លក្ខណៈងាយស្រួល ដែលអាច​នាំ​អារម្មណ៍​អ្នក​ទេសចរណ៍​ទៅ​កម្សាន្ត​ដល់​ទីតាំង​វត្ត​ និង​ល្អាងតែម្តង ។ 

ដើម្បី​ទៅ​កាន់​វត្ត​ព្រះអង្គគុហ៍ យើង​ចេញ​ដំណើរ​ពី​សាលាខេត្ត​កំពង់ចាម​ តាមផ្លូវ​២២២ តាម​បណ្តោយ​មាត់​ទន្លេឡើងទៅជើង ទៅកាន់​ទីរួមស្រុកស្ទឹងត្រង់ និង​បន្តដំណើរ​ទៅបឹងកេត នឹងឃើញក្លោងទ្វារ​វត្ត​ ។ 
យើង​អាចធ្វើ​ដំណើរ​ពី​ខាង​លើ​ចុះ​ទៅ​កាន់​ល្អាងព្រះអង្គ​គុហ៍​តាម​កាំជណ្តើរ​ក៏បាន រឺ​យើង​អាច​បើក​បរ​ឡាន​​ដល់​បរិវេណ​វត្ត​នៅ​ខាង​ក្រោម រឺ​បើក​ម៉ូតូ​ឡើង​ដល់​ទីតាំង​ល្អាងក៏បាន ។ ទីធ្លា​វត្ត​ធំ​ទូលាយ​មាន​ការ​ចាក់​បេតុងយ៉ាងស្អាត មាន​ជាសាលា​ឆទាន រូប​សំណាក ព្រះវិហារ​ស្អាត រូប​ផ្លែឈើ រូប​ឆ្នាំ​ទាំង​១២នៅជុំ​វិញ​វិហារ និង​រោងអង្គុយ​លេង ។ នៅ​ទី​នោះ ក៏មាន​អ្នក​ស្រុក​លក់​ចំណីអាហារ​ផងដែរ តែមាន​មិន​ច្រើនទេ ។ 
អ្នក​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះអង្គ​គុហ៍​ ភាគ​ច្រើន​ជា​អ្នក​ស្រុក​ដែល​នៅជុំវិញ​តំបន់​នោះ ទៅ​កម្សាន្ត និង​បន់​ស្រន់ ដោយ​មានជំនឿ​ថា​នៅ​ទី​នោះ គឺ​សក្តិសិទ្ធ ។ ប្រជាពលរដ្ឋទៅកម្សាន្តច្រើនកុះករ នៅ​ថ្ងៃបុណ្យទាន និង​ថ្ងៃចុងសប្តាហ៍ ។ យើង​អាច​ធ្វើ​ដំណើរ​ឡើង​តាម​សៀរ​ល្អាង​ឡើង​ទៅ​លើ​ដើម្បី​លេង​ក្នុង​ចំការ​ និង​ថតរូប​ទៅ​កាន់​ស្ពាន​ស្ទឹងត្រង់​ ក្រូចឆ្មារ ដែល​មាន​ខ្យល់អាកាស​បរិសុទ្ធ​ ។ 

ប្រវត្តិ​វត្ត​គុហាគង្គា
តាម​ការនិយាយ​ដំណាល​តគ្នា គឺ​កាល​ពី​៨១ឆ្នាំមុន ប្រមាណក្នុង​ឆ្នាំ ១៩៣៩ ជា​ព្រះ​ពុទ្ធ​រូប​ផ្ទុំ​សង់​អំពី​ឈើ បាន​អណ្តែត​ក្នុង​ទឹក​ទន្លេ​មេគង្គ ហើយ​ក៏ត្រូវ​បាន​អ្នក​នេសាទ​ស្រង់​ចេញ​ពីទឹក មក​ប្រគេន​ ព្រះចៅអធិការ​វត្ត​នេះ ដែល​ដើម​ឡើយ​ឈ្មោះ វត្ត​ដើម​ជ្រៃ ។ ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​ រូប​ព្រះអង្គ​នេះ បាន​ពុក​ផុយ​ ហើយ​ចៅអធិការ​វត្ត​ក៏សម្រេច​កសាង​ព្រះ​ពុទ្ធ​រូប ដដែល​នេះជាថ្ម​ឡើង​វិញ ដោយ​បាន​តម្កល់​ទុក​ក្នុង​ល្អាងមក​ទល់​សព្វថ្ងៃ និង​ដាក់​ឈ្មោះថា វត្ត​គុហាគង្គា ហៅវ​ត្ត​ព្រះអង្គ​គុហ៍ ។ 
មើលរូបជាច្រើនទៀត ចុចទីនេះ

ទេសចរណ៍ស្រុកខ្មែរ សូម​អញ្ជើញ​បងប្អូន​អ្នកទេសចរណ៍ អ្នក​មាន​ជំនឿលើ​ការ​បន់ស្រន់ កុំភ្លេចធ្វើ​ដំណើរ​ទៅកម្សាន្ត និង​បន់ស្រន់​នៅ​រមណីយដ្ឋាន​វត្ត​គុហាគង្គា រឺ​វត្ត​ព្រះអង្គ​គុហ៍ ដើម្បី​អភិវឌ្ឍ​វិស័យទេសចរណ៍​ក្នុង​ស្រុក​យើង ។ 
វត្តគុហាគង្គា នៅលើផែនទី 

ស្មៅទន្លេ ខេត្តកំពង់ចាម​

អាហារដ្ឋានស្មៅទន្លេ
អាហារដ្ឋានស្មៅទន្លេ

អាហារដ្ឋាន​ស្មៅ​ទន្លេ ជា​អាហារដ្ឋាន​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​តាម​មាត់​ទន្លេ​ក្នុង​ភូមិ​ទី២ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម មាន​ជា​កន្លែង​បរិភោគអាហារ និង​កន្លែងថតរូប​ច្រើន​បែប​បទ ។ 

អាហារដ្ឋាន​ស្មៅ​ទន្លេ មាន​ចម្ងាយ​ប្រមាណ ២.៥គ.ម ពី​សាលា​ខេត្តកំពង់ចាម និង​ចម្ងាយ​ប្រមាណ ១២៤គ.ម ពីសាលា​រាជធានីភ្នំពេញ ។ ពីរាជ​ធានី​ភ្នំពេញ លោក​អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា រហូត​ដល់​រង្វង់​មូល​ថ្នល់​​បែក រួ​ចបន្ត​ដំណើរ​តាម​ផ្លូវ​ជាតិលេខ​៦​ដល់​រង្វង់​មូល​ស្គន់ និង​បន្ត​ដំណើរ​រហូត​ដល់​ក្រុង​កំពង់ចាម ។ ពេល​ដល់​រង្វង់មូល​គល់​ស្ពាន​គីហ្សូណា យើង​ធ្វើ​ដំណើរតាម​ផ្លូវ​មាត់​ទន្លេ ទៅទិស​ខាងត្បូង​ ជិត​ដល់​ស្ពាន​ប្ញស្សី​ឆ្លង​ទៅ​កោះប៉ែន យើង​នឹង​ឃើញ​អាហារដ្ឋាន​ស្មៅទន្លេ នៅខាងឆ្វេងដៃ ។ តាម​ផ្លូវ​មាត់​ទន្លេ យើង​អាច​ឃើញ​សួនច្បារ​ ស្ពាន​គីហ្សូណា​ ស្ពាន​ប្ញស្សី និង​ប្រជាជន​ក្នុង​ក្រុង​កំពង់ចាម ។ 

ការ​ចូល​ញ៉ាំម្ហូប​អាហារនៅអាហារដ្ឋាន​ស្មៅទន្លេ មិន​តម្រូវអោយ​បង់​ប្រាក់ថ្លៃ​ចូលទេ គឺ​គិត​តែថ្លៃម្ហូប​អាហារ​ហូប​តែប៉ុណ្ណោះ តែសម្រាប់​ការ​ចូល​ថត​រូប​លេង​កម្សាន្ត តម្រូវ​អោយ​បង់​ប្រាក់​ក្នុង​ម្នាក់ ៣,០០០រៀល ។ ចំណែក​ឯការ​ផ្ញើម៉ូតូ​មិន​អស់ថ្លៃទេ ។ 

ចំពោះម្ហូបអាហារ​មាន​ច្រើន​មុខ​តាម​ការកម្មង់​របស់​លោក​អ្នក ហើយ​តម្លៃ​ក៏សមរម្យ​ អាចទទួល​យក​បាន ។ សម្រាប់បងប្អូន​ដែល​មាន​គ្នា​ច្រើន អាច​ធ្វើ​ការ​ទាក់ទង ដើម្បី​កក់​កន្លែង​មុន​ ។ កន្លែង​អង្គុយ​មាន​ផាសុកភាព និង​មាន​ច្រើន​សណ្ឋាន ទាំង​កន្លែង​អង្គុយផ្ទាល់ អង្គុយ​កៅអី ។ 

ក្រឡេក​ទៅ​ទេសភាព និង​កន្លែង​ថតរូប​ ដែល​ទាក់​ទាញ​បងប្អូន​មិនថាទីជិត​ ទីឆ្ងាយ​មក​ទស្សនា​មិន​ដែល​ដាច់​នោះ ក៏​សម្បូរបែប​ដែរ ។ លោក​អ្នក​អាច​មើល​រូប​ផ្សេងៗ ដោយ ចុចទីនេះ ក្រៅ​ពី​រូប​ទាំង​នេះ យើង​អាច​មើល​ឃើញ​ទូក​នេសាទ ស្ពាន​ប្ញស្សី​ឆ្លង​ទៅ​កោះប៉ែន​ ឆ្នេរ​ខ្សាច់​កោះប៉ែន ថែម​ទៀត ។

ឥលូវ​នេះ មាន​គូស្វាមីភរិយាថ្មី​ជាច្រើន​គូ​ទៅថត​ Pre-Wedding ជា​មួយ​ទេសភាព​ទាំង​នោះ ។ 

អាហារ​ដ្ឋាន​ស្មៅ​ទន្លេ​ពីមុន​គ្រាន់​តែ​ជាកន្លែង​ទទួល​ទាន​អាហារ​ជាមួយ​ការរៀប​ចំ​បែប​កម្សាន្ត​ជាមួយ​ធម្មជាតិ​មាត់​ទន្លេប៉ុណ្ណោះ ក្រោយ​ប៉ុន្មាន​ឆ្នាំ​មក​ម្ចាស់​អាហារដ្ឋាន​បាន​អភិវឌ្ឍន៍​អោយ​កាន់​តែស្រស់​ស្អាត មាន​កន្លែង​ថតរូប​ជាច្រើន ។

សម្រាប់លេខ​ទាក់ទង​ទៅកាន់អាហារដ្ឋាន​ស្មៅទន្លេ : 012 21 35 12 / 011 92 25 22 ។ អាហារដ្ឋាន​ចាប់​បើក​លក់​ពី​ម៉ោង​៧ព្រឹក ដល់​ម៉ោង​១០យប់ ។

ទំនប់ទឹក​ខ្នាច​ ខេត្តកំពង់ចាម​

ទំនប់ទឹកខ្នាច
ទំនប់ទឹកខ្នាច

បឹង​ខ្នាច​ជាបឹង​មួយ​ដ៏ធំ​ស្ថិត​នៅ​មុខ​វត្ត​ពោធិមង្គល ក្នុង​ភូមិ​វត្ត​ ឃុំ​ទួល​ព្រះ​ឃ្លាំង ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់ចាម​ មាន​ចម្ងាយ​ប្រមាណ ១០គ.ម ពី​សាលា​ស្រុក​ស្ទឹងត្រង់ ដោយ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ​២២២ តាម​មាត់​ទន្លេ​ មកដល់​ឃុំ​ព្រែក​បាក់ បត់​ស្តាំ​តាម​ខ្លោង​ទ្វារ​វត្ត​ពោធិ​មង្គលចូល​ប្រមាណ​៧.២ គ.មទៀត ។ 

ចំងាយពីសាលាស្រុកស្ទឹងត្រង់ ទៅបឹងខ្នាច

នៅ​ក្នុង​បឹង​មាន​កន្លែង​ខ្លះ មាន​ដាំឈូក ។ នៅ​ជុំ​វិញ​បឹង​មាន​ផ្លូវ​លំ សម្រាប់​ធ្វើ​ដំណើរ ។ នា​រដូវ​វស្សា​ ទឹក​ជន់ជោរ​ខ្លាំង​ធ្វើ​អោយ​លិច​ផ្ទៃ​បឹង​ទាំង​អស់ ចំណែក​ឯ​រដូវ​ប្រាំង​ទឹក​ស្រក អាជ្ញាធរ​ឃុំ​បិទ​ទ្វារ​ទំនប់​ ដើម្បី​រក្សា​ទឹក​ទុក​ប្រើ​ប្រាស់​ស្រោច​ស្រព​ដំណាំ​ បន្លែ​បង្កា ។ ទឹក​ក្នុង​បឹង​នេះ​មិន​ទាន់មាន​រៀប​ចំ​សម្រាប់​យើង​លេង​បាន​នៅ​ឡើយ​ទេ ។ 

ទំនប់ទឹកខ្នាចក្នុងផែនទី

មើល​រូប​ជាច្រើន​ ចុចទីនេះ

សូម​ទស្សនា​វីដេអូ​

វត្តធម្មវ័ន​ ហៅ​វត្ត​ភ្នំ​ក្រាំង​ដីមាស ខេត្ត​កំពង់​ឆ្នាំង


វត្ត​ធម្មវ័ន​ ហៅ​វត្ត​ភ្នំ​ក្រាំងដីមាស ជា​វត្ត​ស្ថិត​នៅ​​ចង្កេះ​ភ្នំ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលា​ប្អៀរ​ ខេត្ត​កំពង់ឆ្នាំង លាត​សន្ធឹង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ក្រុង​កំពង់ឆ្នាំង​ ទៅ​ខេត្ត​ពោធិ៍សាត់ លើ​ផ្ទៃដី​ប្រមាណ​ ២៨៨ហិចតា មាន​ចម្ងាយ​ប្រមាណ២គ.ម ពីក្រុង​កំពង់ឆ្នាំង ។ 

ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ ទៅ​ទស្សនា​រមណីយដ្ឋាន​នេះ​ជារៀង​រាល់​ថ្ងៃ ដោយ​ឡើង​តាមផ្លូវ​បេតុង​ទៅ​លើ​កំពូល​ភ្នំ ។ នៅ​លើ​កំពូល​ភ្នំ​ ភ្ញៀវ​ទេសចរណ៍​នឹង​បាន​ឃើញ និង​ទស្សនា​វត្តធម្មវ័ន ដែល​ជាទី​និយម​សម្រាប់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ និង​ភ្ញៀវ​ទេសចរ​យ៉ាង​ច្រើន​កុះ​ករ ។ 

ក្រៅ​ពី​វត្ត​ ភ្ញៀវ​ទេសចរណ៍​នឹង​អាច​ទស្សនា​ភ្នំនាងកង្រី វាលស្រែ​ពណ៌​បៃតង​ស្រស់ ដើម​ត្នោត ផ្ទៃទឹក​ទន្លេសាប​ ភូមិឋាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​រលា​ប្អៀរ ពី​លើ​កំពូល​ភ្នំ ។ បន្ថែម​ពី​នេះ ភ្ញៀវ​ទេសចរណ៍​អាច​ជិះ​កង់​កម្សាន្ត​ គយ​គន់​ទេសភាព​តាម​ដង​ភ្នំ​ក្រាំង​ដីមាស ទិញ​វត្ថុ​អនុស្សាវរីយ៍​ និង​ទស្សនា​ការផលិត​វត្ថុ​អនុស្សាវរីយ៍ផ្សេងៗ​ផលិត​ពី​ដី​ឥដ្ឋ នៅ​ភូមិ​អណ្តូង​ប្ញស្សី​ ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់ឆ្នាំង ។ ក្រៅពី​នោះ​ នៅភូមិ​ទ្រា ឃុំ​ស្រែថ្មី ស្រុក​រលា​ប្អៀរ ខេត្ត​កំពង់ឆ្នាំង យើង​ក៏​អាច​ទស្សនា​ប្រជាពលរដ្ឋឡើង​ត្នោត ដើម្បី​យក​ទឹក​ត្នោត​រម្ងាស់​ធ្វើ​ជាស្ករ​ ឬ​ល្ងូ ។

ប្រវត្តិ​ឈ្មោះ​ភ្នំ​ក្រាំងដី​មាស
ពី​ដើម​អ្នក​ស្រុក​តែងតែ​យក​ដី​ឥដ្ឋ​មក​សូន​ជា ក្អម​ឆ្នាំង នៅ​ភ្នំ​នេះ ដោយ​ហេតុ​ថា​ដី​ល្បាយ​នៅទី​នេះ មាន​កម្ទេច​លោ​ហៈ​ពណ៌​មាស​ភ្លឺ​ផ្លេកៗ ពោល​គឺមាន​កម្ទេចមាស​ស្រួយ កប់​នៅ​ក្នុង​នោះ បើ​តាម​ពាក្យ​គីមី គឺ ដែក​ស៊ុល​ហ្វាត FeS2 ទើប​អ្នក​ស្រុក​ហៅ​ថា​ដីមាស​ ។

មើលរូប​ជា​ច្រើន​ ចុចទីនេះ 

សូម​ទស្សនា​វីដេអូ​នៃ​វត្ត​ធម្មវ័ន

ស្ពានទួលរកា ហៅ​ស្ពានព្រែកអាចារ្យសួន ខេត្ត​កំពង់ចាម

ស្ពានទួលរកា
ស្ពានទួលរកា ក្រោយ​បាត់សសរទ្រ១ដើម (មើលពីលើ)

ស្ពានទួល​រកា រឺ​ស្ពាន​ឆ្លង​ព្រែក​អាចារ្យ​សួន ជាស្ពាន​ស្ថិត​ក្នុង​ភូមិ​ទួល​រកា ឃុំ​ពាម​កោះស្នា ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម ។ ស្ពាន​នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៩៣ ជា​ប្រភេទដែកបាឡេ  ។ 

ភូមិ​អភិវឌ្ឍន៍​អន្លង់ជ្រៃ​ ខេត្តត្បូង​ឃ្មុំ


ភូមិអន្លង់ជ្រៃ​ ស្ថិត​នៅ​ក្នុង​ឃុំ​កក់​ ស្រុក​ពញា​ក្រែក ខេត្ត​ត្បូង​ឃ្មុំ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ ៤៨គីឡូម៉ែត្រ ។ ភូមិនេះ​ស្ថិត​នៅ​ក្នុង​ស្រុក​កំណើត​របស់​សម្តេច​ហេង​ សំរិន ប្រធាន​រដ្ឋសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ។ 

ដើម្បី​បាន​ទៅ​ដល់​ភូមិ​អភិវឌ្ឍន៍​អន្លង់ជ្រៃ​ យើង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​សួង​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ៧ រហូត​មក​ដល់​ផ្លូវ​បំបែក​ត្រង់​ស្រុក​ពញាក្រែក ហើយ​បត់​ស្តាំ​ធ្វើ​ដំណើរ​តាមផ្លូវជាតិ​លេខ៨ បន្ត​ចំងាយ​ប្រមាណ ១៩គីឡូម៉ែត្រទៀត ។ យើង​នឹង​ដល់​ភូមិ​អន្លង់ជ្រៃ​ហើយ ។ 

នៅ​ពេល​តែ​ទៅ​ដល់​ភូមិ​នេះ​ភ្លាម​យើង​នឹង​បាន​ឃើញ​ការ​អភិវឌ្ឍ​ និង​ការ​រៀប​ចំ​ប្រកប​ដោយ​សោភណភាព ដែល​មាន​អាង​ស្តុក​ទឹក​មួយ​យ៉ាង​ធំ និង​ឃើញ​ប្រឡាយ​ទឹក​មួយ​ខ្សែ​ស្តារ​ឡើង​ជា​រាង​អក្សរ (L) មាន​ទឹក​ដក់​ខួប​ប្រាំង​ខួប​វស្សា​សម្រាប់​ប្រើ​តាម​តម្រូវ​ការ ។ លំនៅ​ឋាន​របស់​អ្នក​ស្រុក​ត្រូវ​បាន​សាង​សង់​ឡើង​មាន​ម៉ូត​ដូច​ៗ​គ្នា​ជាជួរ (២ខ្នង​ សសរ​បេតុង ជញ្ជាំង​ក្តារ​ ប្រក់​ក្បឿង) គួរ​អោយ​ចង់​រស់​នៅ​ណាស់ ។ 

ការ​រស់​នៅ​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​អន្លង់ជ្រៃ​ គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​មុខរបរ​កសិកម្ម​ព្រម​ទាំង​ដំណាំ​ដាំ​ដុះ សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​ក្រុម​គ្រួសារ ។ 

ទឹក​ធ្លាក់អាស្រម​​ហោង​ ខេត្ត​ត្បូង​ឃ្មុំ

រូបភាព Google

រមណីយ​ដ្ឋាន​ស្រស់​ត្រកាល​បែប​ធម្មជាតិ​ ទឹក​ធ្លាក់​អាស្រម​ហោង រឺ​ទឹក​ជ្រោះ​វត្ត​គុហា​សិលា​មហា​បារមី​គង្គា​ហោង ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែវែង ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ ដែល​ជាប់​ទៅ​នឹង​ឃុំ​កំពាន់​ ស្រុក​មេមត់​ គ្រប​ដណ្តប់​ផ្ទៃ​ដី​ប្រមាណ​ ១៨០០​ហិចតា ដែល​ហ៊ុម​ព័ទ្ធ​ដោយ​បរិយាកាស​ធម្មជាតិ​ល្អ​ប្លែក​នៅ​តំបន់​ខ្ពង់​រាប​ មាន​ល្អាង​ និង​ផ្ទាំង​ថ្ម​ ។ 

ដើម្បី​ទៅ​ដល់​ទឹក​ធ្លាក់​ហោង យើង​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៧ រួចបត់​ឆ្វេង​ទៅ​ទិស​ខាង​ជើង​ តាម​ផ្លូវ​រោង​ចក្រ​កៅស៊ូ​ពញាក្រែក​ ក្នុង​ឃុំ​ក្រែក ស្រុក​ពញាក្រែក​ ក្នុង​ចម្ងាយ​ពី​ទីរួម​ខេត្ត​ត្បូង​ឃ្មុំ​ ប្រមាណ​ ៥៧គីឡូម៉ែត្រ ពីសាលា​ខេត្ត​ត្បូង​ឃ្មុំ ។ តាម​បណ្តោយ​ផ្លូវ​ទៅ​ទឹក​ធ្លាក់​ហោង​ មាន​សភាព​ស្ងាត់​បន្តិច​ ហេតុ​នេះ​អ្នក​កម្សាន្ត​គួរ​មាន​គ្នីគ្នា​ច្រើន​ ណាមួយផ្លូវ​ក្នុង​រដូវ​វស្សា​លំបាក​ដោយ​កន្លែង ។ ពី​ផ្លូវ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ក្រែក​ ឬ​ច្រក​គ្រញូង​នេះចូល​ ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​ហុយ​ទ្រោម​ បត់​បែន​ច្រើន​អន្លើ​តាម​ភូមិ​ឋាន​ ឆ្លង​កាត់​ដី​ចម្ការ​កៅស៊ូ ដំណាំ​ស្វាយ​ចន្ទី ជា​មួយ​នឹង​គំនូស​សញ្ញា​ប្រាប់​ទិស​មិន​សូវ​ច្បាស់​ងាយ​វង្វេង ចម្ងាយ​ប្រមាណ​ ៣០គីឡូ​ម៉ែត្រ​ពី​ច្រក​ចូល ។ ក្រៅ​ពី​ច្រក​ចូល​នេះ នៅ​មាន​ច្រក​ចូល​មួយ​ទៀត​ត្រង់ចំណុច​ផ្សារ​ស្ទឹង​មក​ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត​ជាង​បន្តិច​គឺ​ប្រវែង​ប្រហែល ២៥គីឡូម៉ែត្រ ។ 

នៅ​រមណីយដ្ឋាន​ទឹក​ធ្លាក់​អាស្រម​ហោង​ មាន​វត្ត​អារាម​មួយ​ ដែល​មាន​ដើម​ឈើ​ធំ តូច​ចោល​ម្លប់​ត្រឈឹង​ត្រឈៃ ។ អ្នក​កម្សាន្ត​អាច​ដើរ​ទស្សនា និង​សម្រាក​យក​កម្លាំង​ជួប​ជុំ​ហូប​អាហារ​នៅ​ក្រោម​ដើម​ឈើ​ធំៗ ក្នុង​ទី​បរិវេណ​វត្តហោង​ហើយ​នោះ គឺអ្នក​អាច​នាំ​គ្នា​ងូត​ទឹក​លេង​កម្សាន្ត​ និង​ទស្សនា​ពី​ភាព​អស្ចារ្យ​របស់​ទឹក​ធ្លាក់​ហោង​ ។

ទឹក​ធ្លាក់​នេះ មាន​ប្រភព​ទឹក​ហូរ​ពី​ទី​ខ្ពស់​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​អូរ​ឈើ​ទាល ឃុំទឹក​ជ្រៅ ចម្ងាយ​ប្រមាណ​៣គីឡូម៉ែត្រ បើ​គិត​ពី​ខាង​លើ​មក​ដល់​តំបន់​ខាង​ក្រោម​ នៅ​ក្នុង​ភូមិ​ស្រែវែង បាន​បង្កើត​ជាបណ្តុំ​ទេសភាព​ធម្មជាតិ​គួរ​ជា​ទី​គយគន់​ដូចជា​ទឹក​ធ្លាក់​ ផ្ទាំង​ថ្មប៉ប្រះ​ទឹក គុហា​ផ្ទាំង​ថ្ម​អម​ដោយ​ដើម​ឈើ​តូច​ធំ វល្លិ​ រំយោល និង​ប្ញស​រុក្ខជាតិ​រំយោល​រយីង​រយោង​នៅ​សង​ខាង ។

តាម​សង្ឃដីកា​របស់​ព្រះតេជគុណ​ ឡូត​ ឆាត​ ព្រះ​ចៅ​អធិការ​វត្ត​គុហា​សិលា​មហា​បារមី​គង្គាហោងថា តំបន់​នេះ​ត្រូវ​បាន​ប្រជាជន​ភូមិ​ឋាន​ក្បែរៗ បាន​មក​កម្សាន្ត​កាយ​លេង​យូរ​ក្រែល​ណាស់​មកហើយ គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៧ មក​ម៉្លេះ ។ តែ​រយៈ​ពេល​ប្រមាណ​១០ឆ្នាំ​ចុងក្រោយ​នេះ អាស្រម​ហោង​ក៏​បាន​ប្រែ​ក្លាយ​ជា​ទី​អារាម​នៃ​ព្រះ​ពុទ្ធ​សាសនា​ហើយ ។

បច្ចុប្បន្ន​សភាព​ផ្លូវ​ចូល​មាន​លក្ខណៈ​បត់បែន​ច្រើន ដោយ​មិន​មាន​ផ្លាក​សញ្ញា​បង្ហាញ​ផ្លូវ​ច្បាស់​លាស់ ហេតុ​នេះ​ក៏​សូម​ស្នើរ​ដល់​សប្បុរសជន​ដែល​មាន​បំណង​ជួយ​ដល់​អាជ្ញាធរ​ក្នុង​ការ​បង្ហាញផ្លូវ​ដល់​អ្នក​កម្សាន្ត​នានា ងាយ​ស្រួល​មក​លេង​កម្សាន្ត ។ 



បឹង​ទំនប់​ខ្ពប​ត្របែក ខេត្ត​តាកែវ


បឹង​ទំនប់​ខ្ពប​ត្របែក ក្លាយ​ជារមណីយដ្ឋាន​ថ្មី​មួយ​ដ៏​គួរ​អោយ​ទាក់ទាញ​ ដែល​ស្ថិត​នៅ​ក្នុង​ឃុំអូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ។ បឹង​នេះ​ទាក់​ទាញ​អ្នក​កម្សាន្ត​នានា​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ ជា​ពិសេស​រាល់​ពេល​មាន​ពិធី​បុណ្យជាតិ​ម្តងៗ ។ 



ដើម្បី​ទៅ​ដល់​បឹង​ទំនប់​នេះ យើង​ត្រូវ​ធ្វ​ើ​ដំណើរ​ចេញ​ពី​ផ្សារ​អង់តាសោម​ឆ្ពោះ​ទៅ​លិច​សំដៅ​ទៅផ្សារ​អង្គរកា​រួច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ប្រមាណ​ជា​ ១៨គីឡូម៉ែត្រ​ យើង​នឹង​បាន​ឃើញ​កូន​បឹង​តូច​មួយ តាម​បណ្តោយ​ជួរ​ភ្នំ នៅខាង​ឆ្វេងដៃ ។ 
ជាមួយ​នឹង​ខ្យល់​ជំនោរ​បរិសុទ្ធ​បក់​មក​ត្រសៀកៗ ពីទិសនិរតី​ធ្វើ​អោយ​ភ្លៀង​ដែល​កំពុង​ពិសារ​នៅ​តាម​តូប​ប្ញស្សី​ប្រក់​ស្លឹក​ត្នោត​តម្រៀប​គ្នា​ជាជួរ ប្រប​តាម​មាត់​ទំនប់​រឹត​តែ​មាន​អារម្មណ៍​ស្រស់​ថ្លាបំបាត់​អស់​នូវ​ទុក្ខ​កង្វល់​ទាំង​ពួង​ ។ 


នៅ​ទី​នោះ​ក៏​មាន​ហាង​លក់​គ្រឿង​ក្លែម​ដែរ ដែល​មាន​តម្លៃ​ថោក​សមរម្យ ។ ភ្ញៀវ​មក​លេង​រៀង​រាល់​ថ្ងៃ​តែ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ ឬ​បុណ្យភ្ជុំ​បិណ្ឌ​ទៀត​រឹត​តែ​ច្រើន​ធ្វើ​អោយ​ការ​លក់​របស់​ហាង​ដាច់​ខុស​ពី​ធម្មតា ។ 

បឹង​ទំនប់​ខ្ពប​ត្របែកនេះ​មាន​ប្រភព​ទឹក​ហូរ​ធ្លាក់​មក​ពី​តំបន់​ភ្នំ​ដែល​ធ្វើ​អោយ​ទីនេះ​មាន​ទឹក​ហូរ​រហូត​ សូម្បី​តែ​នៅ​រដូវ​ប្រាំង​ជា​ហេតុធ្វើ​អោយ​ភ្ញៀវ​ទាំង​ជិត​ឆ្ងាយ​ចង់​មក​លេង​កម្សាន្ត​បំបាត់​ទុក្ខ​កង្វល់ ៕ 

ទីតាំង​បឹង​ទំនប់​ខ្ពប​ត្របែក​នៅ​លើ Google Map

ប្រភព  សប្បាយ 

ពើង​តានន់​ ខេត្ត​សៀម​រាប



ពើង​តានន់​ ស្ថិត​នៅ​ក្នុង​ភូមិ​គោង​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ដែល​មាន​ចំងាយ​ប្រមាណ​ ៨៥គីឡូម៉ែត្រ ។ 




រូបភាព ដំឡូង